Yearendyearend1140x150

【វីដេអូ】ចិនម្នាក់ប្ដឹងផ្កាយបីពីបទឆបោក៦៦ម៉ឺនដុល្លាររឿងទិញដី តែលោកផ្កាយបីថាចិនបំភ្លៃការពិត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក ជី កានយូ នាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡូជី។ ប្រភពរូប៖ គេហទំព័រខ្មែររីដ

ភ្នំពេញ ៖ អ្នកវិនិយោគជនជាតិចិនម្នាក់ធ្វើសន្និសីទកាសែត ប្រកាសថាលោកបានចាញ់បោកមន្រ្តីផ្កាយបីពាក់ព័ន្ធនឹងករណីទិញដី ដោយឲ្យលុយកក់រយៈពេល៤ឆ្នាំហើយ តែមិនឃើញដី។ អ្នកវិនិយោគរូបនេះបានធ្វើសន្និសីទកាសែតមួយកាលពីនារសៀលថ្ងៃទី៣ សីហា ដោយបានរៀបរាប់ថា ខ្លួនបានកក់ប្រាក់២០ភាគរយ ឬស្មើនឹង៦៦ម៉ឺនដុល្លារទៅឲ្យមន្រ្តីផ្កាយបីម្នាក់ តែមកទល់ពេលនេះលោកមិនទាន់ឃើញដី លោកក៏បានប្តឹងទៅតុលាការហើយ តែតុលារសម្រេចតម្កល់រឿងទុកមិនទាន់ចាត់ការ។

អ្នកវិនិយោគជនជាតិរូបនេះ ជានាយកក្រុមហ៊ុនធីដាប់បេលយូ លី ស៊ីន ថេកណឡូជី (TW LI XIN TECHNOLOGY CO, LTD) ដែលមានអាសយដ្ឋាននៅខេត្តព្រះសីហនុ បាននិយាយថា លោកបានមកប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ដើម្បីមកវិនិយោគនៅទីនេះ។ ហើយក៏បានជួបលោកផល អ៊ុង បានណែនាំឱ្យជួបលោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ធ្វើការនៅក្រសួងមហាផ្ទៃ។

បន្ទាប់មកលោក ស៊ុន ហួរ បាននាំរូបលោកទៅក្រុងព្រះសីហនុ ហើយប្រាប់ថា «គាត់មានដីជាងមួយហិកតា រួចបង្ហាញប្លង់ថា គាត់ចង់លក់តម្លៃ៣លាន ៣សែនដុល្លារ»។ លោកក៏បានសម្រេចចិត្តទិញដោយបានកក់លុយលើកទីមួយចំនួន១០% ស្មើនឹង៣៣ម៉ឺនដុល្លារ។

លោក ជី កានយូ និយាយបន្តថា បន្ទាប់មកលោកក៏បានរកមេធាវី ដោយមានលោក មៀច សំអ៊ាន់ ជាមេធាវីតំណាង ដើម្បីធ្វើកិច្ចសន្យាទិញដីនោះ។ ក្រោយពេលលោកមេធាវី ចុះសាកសួររួចក៏បានបញ្ជាក់ប្រាប់លោកវិញថា «ដីនេះមិនអាចទិញបានទេ ព្រោះដីនោះមិនមែនជាដីរបស់លោក ស៊ុន ហួរ ទេ ម្ចាស់ដីឈ្មោះផ្សេង»។

លោក ជី កានយូ និយាយបន្តថា ដោយលោកគិតថា មិនអាចយកលុយនោះបាន លោកក៏សម្រេចចិត្តជឿលើគាត់ម្តងទៀត ព្រោះគាត់ពាក់ផ្កាយ៣នៅក្រសួងមហាផ្ទៃ ហើយក៏បានកក់លុយថែម១០%ទៀតសរុប២០%ស្មើនឹង៦៦ម៉ឺនដុល្លារ ដោយគាត់បានសន្យាថា «នឹងយកដីនេះមកឱ្យគាត់ កាត់ប្លង់ដាក់ឈ្មោះលោកតែម្តង»។

ប៉ុន្តែរហូតមកដល់ពេលនេះលោក ស៊ុន ហួរ នៅតែមិនអាចយកដីនេះមកឱ្យរូបលោកបាន ហើយលោកក៏បានឱ្យមេធាវីប្តឹងទៅតុលាការចោទពីបទ «ឆបោក»។ តែពេលនេះតុលាការបានជូនដំណឹងនាថ្ងៃទី២ សីហា ឆ្នាំ២០២១ មកថា «តុលាការសម្រេចតម្កល់រឿងទុកមិនចាត់ការ» ដែលធ្វើឱ្យលោកបាត់បង់លុយយ៉ាងច្រើន។

ជាការឆ្លើយតប លោក ស៊ុន ហួរ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញលិខិតបកស្រាយបភ្លឺ និងបដិសេធជុំវិញការចោទប្រកាន់រឿងលក់ដីខ្យល់ និងគេចវេសមិនព្រមប្រគល់ប្រាក់មួយចំនួន ជូនលោក ជី កានយូ។ ដោយលោកបានអះអាងថា លោកមិនបានប្រព្រឹត្តអំពើរំលោភទំនុកចិត្ត និងឆបោកលោក ជី កានយូ ដូចការចោទប្រកាន់នោះទេ។

លោក ស៊ុន ហួរ បានបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ លោកពិតជាបានចុះកិច្ចសន្យាទិញលក់ដីជាមួយលោក ជី កានយូ ទំហំ ៥៨មx១៦០ម ដែលស្មើនឹង ៩២៨០ម២ មានទីតាមស្ថិតនៅភូមិ១ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងតម្លៃ ៣៥៥ដុល្លារក្នុងម២ ពិតប្រាកដមែន។ ប៉ុន្តែលោកមិនបានរំលោកទំនុកចិត្តលោក ជី កានយូ ទេ។

លោក ស៊ុន ហួរ បាននិយាយថា ពាក់ព័ន្ធនឹងដីដែលលោកលក់ឲ្យជនជាតិចិននោះ គឺលោកបានប្រមូលទិញតាមរយៈឈ្មោះ យូ ណារិន ហៅ ង៉ែត សារិន តែង៉ែត សារិន មិនបានសហការបំពេញកិច្ចការធ្វើប្លង់កម្មសិទ្ធឲ្យលោក ទើបលោកមិនបានកាត់ឈ្មោះដីអោយទៅជនជាតិចិននោះតាមកំណត់ក្នុងកិច្ចសន្យា។

លោក ស៊ុន ហួរ បានស្នើឲ្យជនជាតិចិននោះ ប្រគល់ឯកសារដីច្បាប់ដើមទាំងអស់មកលោកវិញ ទើបលោកយល់ព្រមប្រគល់លុយ ៦៦ម៉ឺនដុល្លារ ឬកាត់ដីតាមចំនួនទឹកលុយជាក់ស្ដែង៕



លោកឧត្តមសេនីយ៍ឯក ស៊ុន ហួរ ។ ប្រភពរូប ៖ ខ្មែររីដ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង