Yearendyearend1140x150

កម្ពុជា កំណត់គោលដៅកាត់បន្ថយឧស្ម័នផ្ទះកញ្ជក់ឱ្យបាន៦៤,៦លានតោនត្រឹមឆ្នាំ២០៣០

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេចហ៊ុន សែន ថ្លែងក្នុងសន្ទរកថា ក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន។
រូបភាព៖ ផេកសម្ដេច 

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៦៤,៦ លានតោន សមមូលឧស្ម័នកាបូនិក ត្រឹមឆ្នាំ ២០៣០ នៅក្នុងវិស័យព្រៃឈើ, ថាមពល, ឧស្សាហកម្ម, កសិកម្ម និងការ គ្រប់គ្រងសំណល់។ កម្ពុជាបានដាក់ជូនលេខាធិការដ្ឋាននៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែ ប្រួលអាកាសធាតុ នូវរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិកាលពីថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ។

ថ្លែងសុន្ទរកថាក្នុងវេទិកាអភិវឌ្ឍន៍ថាមពលកាបូនទាប ថៃយាន ឆ្នាំ ២០២១ ក្រោមមូលបទ «ថាមពល អាកាសធាតុ បរិស្ថាន» តាមប្រព័ន្ធវីដេអូ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាក៏បាននិងកំពុងខិតខំរៀបចំយុទ្ធសាស្ត្ររយៈពេលវែង ប្រកបដោយអព្យាក្រឹតភាពកាបូន ដោយរំពឹងថានឹងចប់សព្វគ្រប់នៅចុងឆ្នាំ ២០២១ នេះ ។

សម្ដេចលើកឡើងថា កម្ពុជាចាត់ទុកឥណទានកាបូនជាប្រភពធនធានហិរញ្ញប្បទាន ប្រកបដោយ ចីរភាពដ៏សំខាន់មួយ សម្រាប់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយកម្ពុជាបើក ចំហទទួលការចូលរួមនូវក្នុងភាពជាដៃគូជាមួយបណ្តាប្រទេស និងវិស័យឯកជននានា ដែលមានចំណាប់អារម្មណ៍ ។

សម្ដេចបញ្ជាក់ថា វេទិការនេះគឺឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់នៃ «ការធ្វើបដិវត្តថាមពល ឱ្យបានលឿន និងប្រកប ដោយយុត្តិធម៌ និងសមធម៌ ដើម្បីផ្លាស់ប្តូរពីការផលិត និងប្រើប្រាស់ថាមពលដែលបញ្ចេញកាបូន ច្រើននៅក្នុងបរិយាកាស ឆ្ពោះទៅការផលិត និងប្រើប្រាស់ថាមពលស្អាត, អាចកកើតឡើងវិញ និង មានប្រសិទ្ធភាពជាងមុន» ។ ជាមួយគ្នានេះ ការអភិវឌ្ឍថាមពលកាបូនទាប ដូចជាបច្ចេកវិទ្យារឿង ឬស្អាត ការប្រើប្រាស់បច្ចេកវិទ្យាស្តុកទុកកាបូន ការប្រើបច្ចេកវិទ្យាផលិតអ៊ីដ្រូហ្សែនពីធ្យូងថ្ម ជាដើម នឹងក្លាយជាវិធីសាស្ត្រដ៏ចាំបាច់ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុក្នុងទ្រង់ទ្រាយធំ ។

សម្ដេចសង្កត់ធ្ងន់ថា ថ្វីត្បិតតែកម្ពុជាជាប្រទេស ដែលមានកម្រិតនៃការអភិវឌ្ឍទាប តែរាជរដ្ឋាភិបាលកម្ពុជាមាន ការប្តេជ្ញាចិត្តខ្ពស់ និងកំណត់យកបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោល នយោបាយដ៏សំខាន់ និងសម្រាប់រយៈពេលវែង ក្រោមអភិក្រម «ជាបញ្ហារួម ប៉ុន្តែការអនុវត្តផ្សេងៗ គ្នាទៅតាមការទទួលខុសត្រូវ និងសមត្ថភាពរៀងៗខ្លួន»។ ព្រោះថា ការដោះស្រាយបញ្ហាថាមពល, អាកាសធាតុ និងបរិស្ថាន គឺជាកិច្ចការដ៏លំបាកមួយ ដែល ទាមទារឱ្យមានការចូលរួម ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ ពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ។

ទន្ទឹមនឹងនេះ សម្ដេចអំពាវនាវឱ្យមានការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការចូលរួមឱ្យអស់លទ្ធភាពពីគ្រប់ប្រទេសទាំងអស់ នៅតាមដំណាក់កាលនៃការអភិវឌ្ឍប្រទេសនីមួយៗរបស់ខ្លួន ក្នុងការជំរុញកំណើនបៃតង, ការកាត់បន្ថយការបញ្ចេញកាបូននិងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវថាមពលនិរន្តរភាព ក្នុងតម្លៃសមរម្យ និងមានការបញ្ចេញកាបូនទាប ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង