Yearendyearend1140x150

ក្រសួងទេសចរណ៍នឹងជួយពលរដ្ឋនៅតំបន់ទេសចរណ៍ឱ្យចេះបង្កើតអាជីវកម្មក្រៅពីការងារបម្រើសេវាកម្មទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ពិធីចុះអនុស្សរណៈរវាងឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ ជាមួយនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ

(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍នឹងជួយឱ្យប្រជាសហគមន៍នៅតាមសហគមន៍ទេសចរណ៍នីមួយៗចេះបង្កើតអាជីវកម្មថ្មីៗដោយខ្លួនឯង និងពង្រីកអាជីវកម្មរបស់ខ្លួន ក្រៅពីការងារបម្រើសេវាកម្មទេសចរណ៍។ ការជួយជ្រោមជ្រែងនេះ សម្រេចធ្វើឡើងបន្ទាប់ពីពលរដ្ឋនៅតាមសហគមន៍ទេសចរណ៍មានការលំបាក បាត់បង់ចំណូលដោយសារការរីករាលដាលនៃជំងឺកវីដ-១៩។

យោងតាមក្រសួងទេសចរណ៍ ក្រសួងបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសហគ្រិនខ្មែរ លើគម្រោង «ជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ទេសចរណ៍ក្នុងបរិបទវិបត្តិកូវីដ-១៩» ដើម្បីជួយឱ្យប្រជាសហគមន៍នៅតាមសហគមន៍ទេសចរណ៍នីមួយៗចេះបង្កើតអាជីវកម្មថ្មីៗដោយខ្លួនឯង និងពង្រីកអាជីវកម្មរបស់ខ្លួន ក្រៅពីការងារបម្រើសេវាកម្មទេសចរណ៍។

ពិធីចុះអនុស្សរណៈនេះធ្វើឡើងរវាងឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ ជាមួយនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ដោយឯកឧត្ដមបញ្ជាក់ថា នៅជំហានដំបូងនេះ ក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរបានឯកភាពគ្នាជ្រើសរើសសហគមន៍ទេសចរណ៍ចំនួន ៥ សហគមន៍ ដើម្បីជួយអភិវឌ្ឍ ជួយបណ្ដុះបណ្ដាលទៅតាមស្ដង់ដា និងធនធានហិរញ្ញវត្ថុ ដោយសហគមន៍ទាំង៥នោះស្ថិតនៅខេត្តចំនួន ៤រួមមាន៖ ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិ៍សាត់, ខេត្តកំពង់ឆ្នាំង។

ឯកឧត្ដមបន្តថា មូលហេតុដែលក្រសួងទេសចរណ៍ និងសហគ្រិនខ្មែរសម្រេចជួយអភិវឌ្ឍសហគមន៍ទាំង៥នេះ គឺដោយសារសហគមន៍ទាំងនោះមានសក្ដានុពលលើវិស័យទេសចរណ៍ពិសេសៗប្លែកៗពីគ្នា ខណៈប្រជាសហគមន៍មានការខិតខំយ៉ាងខ្លាំងក្នុងការរៀបចំសហគមន៍របស់ខ្លួន ក៏ប៉ុន្តែកន្លងមកសហគមន៍ទាំងនោះមិនទាន់មានការជួយជ្រោមជ្រែងឱ្យបានខ្លាំងក្លាពីក្រសួង-ស្ថាប័នផ្សេងនៅឡើយ។ ម្យ៉ាងវិញទៀត សហគមន៍ទេសចរណ៍ទាំងប្រាំនេះ ក៏ស័ក្តិសមបំផុតសម្រាប់ការទទួលភ្ញៀវទេសចរក្នុងបរិបទវិបត្តិកូវីដ១៩ផងដែរ។

ឯកឧត្ដមបានបន្តថា សម្រាប់ក្រសួងទេសចរណ៍ គឺនឹងចូលរួមជួយអភិវឌ្ឍសហគមន៍ទាំងនោះ ដោយផ្ដោតទៅលើការបណ្ដុះបណ្ដាលអំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ វិធានសុខាភិបាលក្នុងបរិបទវិបត្តិកូវីដ-១៩ និងក្រោយវិបត្តិ។ ក្រៅពីនោះ នៅមានការបណ្ដុះបណ្ដាលអពីស្ដង់ដាម្ហូបអាហារ ស្ដង់ដាទស្សនកិច្ចទេសចរណ៍ (Farm Trip) សម្រាប់ភ្ញៀវក្នុងស្រុក និងភ្ញៀវអន្តរជាតិ និងការបណ្ដុះបណ្ដាលដោយផ្ទាល់ផ្សេងទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង