Cct850x100 1

យុវជន អ៊ុយ ឆេងហេង សំងំបង្កើត«សហគ្រាសកែច្នៃផ្លែឈើខ្មែរ»ដើម្បីនាំចេញទៅក្រៅប្រទេស

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកអ៊ុយ ឆេងហេង និងប្អូនស្រី បង្ហាញពីផលិតផលណាវីតា។
រូបភាព៖ ផ្ដល់ឱ្យ

ភ្នំពេញ៖ លោក អ៊ុយ ឆេងហេង ស្ថិតក្នុងវ័យ២៨ឆ្នាំ បានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកវិស្វកម្ម ឧស្សាហកម្មនៅសាកលវិទ្យាល័យ ម៉ាហីដុន(Mahidol) នៃប្រទេសថៃ។លោកបានបង្កើតសហគ្រាសឈ្មោះណាវីតា ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង កែច្នៃដំណាំហូបផ្លែក្នុងស្រុកដូចជា ផ្លែមៀន តាង៉ែន ស្រកានាគ ស្វាយ ម្នាស់ និងផ្លែឈើហូបផ្លែជាច្រើនមុខទៀតឱ្យចេញជាផលិតផលស្ដង់ដា ក្នុងគោលបំណងឱ្យប្រជាជនខ្មែរបានស្គាល់ផលិតផលជាតិ និងនាំចេញទៅក្រៅប្រទេស។

ជាកូនកសិករនៅខេត្តបាត់ដំបងលោក ឆេងហេង បានលើកឡើងពីកម្លាំងចិត្តដែលជម្រុញឱ្យរូបលោកបង្កើតសហគ្រាសកែច្នៃផ្លែឈើនេះឡើង។ទី១ គឺក្រុមគ្រួសារ ទី២ គឺកើតចេញពីក្ដីស្រលាញ់លើជំនាញគីមីចំណីអាហារ ទី៣គឺដើម្បីជំនះការម៉ាក់ងាយពីអ្នកជុំវិញទៅលើសមត្ថភាពរបស់លោក ទី៤ គឺលោកមានគោលបំណងជួយលើកស្ទួយវិស័យកសិកម្មក៏ដូចជាលើកស្ទួយផលិតផលជាតិ និងជាចំណែកតូចមួយក្នុងការទប់ស្កាត់ការធ្វើការចំណាកស្រុករបស់ប្រជាជននៅខេត្តបាត់ដំបង។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ យុវជន អ៊ុយ ឆេងហេង បានអះអាងថា ត្បិតតែសហគ្រាសនេះទើបតែចាប់ផ្ដើមរីកធំធាត់មែនពិត តែក៏បានជួយផ្ដល់ការងារមួយចំនួនដល់ប្រជាជនក្នុងតំបន់ ហើយថ្ងៃអនាគតនឹងពង្រីកឱកាសការងារបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងស្រុកឱ្យមានការងារសមរម្យ។

ផ្លែមៀនប៉ៃលិន ដែលសហគ្រាសណាវីតា បានជួយទិញកសិករដែលជួបប្រទះការនាំចេញ ច្នៃជាទឹកផ្លែឈើធម្មជាតិ

តែយ៉ាងណាក៏ដោយ សហគ្រិនវ័យក្មេងរូបនេះ មិនទាន់ចាត់ទុកថារូបខ្លួនជោគជ័យនៅឡើយទេ ព្រោះនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ដោយមានការជួយជ្រោមជ្រែងពីអង្គការខេមបូឌា ហាវេសធូ(Cambodia Harvest II) លើផ្នែកទីផ្សារ និងទំនាក់ទំនងដៃគូក្នុងការនាំចេញ។ ស្របពេលនេះសហគ្រាសលោកមានដៃគូក្នុងស្រុកនៅតាមម៉ាត(Mart)មួយចំនួន។ ទន្ទឹមនឹងនេះលោកនឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយម៉ាតផ្សេងៗទៀត និង ឈានទៅទីផ្សារទំនើបធំៗក្នុងស្រុកនាចុងឆ្នាំនេះ។

ចំណែកដៃគូក្រៅស្រុកលោកកំពុងតែពិចារណលើផលិតផលគម្រូដែលបានផ្ញើទៅ ដូចជាបារាំង អង់គ្លេស អ៊ីតាលី អេស្ពាញ អាឡឺម៉ង់ ខណៈអូស្រ្តាលីកំពុងដាក់លក់ផលិតផលណាវីតាជាបណ្ដើរៗក្នុងកម្រិតសាកល្បង និងមានដៃគូសហការកំពុងសហការនាំចេញទៅជប៉ុន កូរ៉េខាងត្បូង និងត្រៀមតាំងបង្ហាញផលិតផលនៅប្រទេសសាំហ្គាពួរនាខែក្រោយនេះផងដែរ។

ក្នុងការបោះជំហានដំបូងនេះ លោកក៏បានរៀបរាប់ពីបញ្ហាប្រឈមនាពេលកន្លងមកគឺបញ្ហាកង្វះខាតដើមទុនក្នុងការដំណើរការអាជីវកម្ម និងបញ្ហាទីផ្សារតែម្ដង ខណៈរូបលោកនៅក្មេងខ្ចីទើបតែប្រឡូកនិងចាប់ផ្ដើមក្នុងវិស័យនេះ ព្រោះអតិថិជនមិនទាន់ស្គាល់ផលិតផល ចំណែកផ្សារទំនើបក្នុងស្រុកក៏មិនទាន់សហការនៅឡើយ។ ខណៈសំបកវេចខ្ជប់លោកបានបញ្ជាទិញពីប្រទេសជិតខាងក្នុងតម្លៃថ្លៃ ពិបាកក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូល។

ការវេចខ្ចប់នូវផលិតផលមៀនប៉ែលិន 

បន្ថែមពីបញ្ហាដែលលោកជួបប្រទះ លោកក៏បានប្រាប់ពីចំណុចខ្លាំងរបស់សិប្បកម្មណារីតាផងដែរ គឺសិប្បកម្មលោកផ្ដោតសំខាន់លើគុណភាព ភាពច្នៃប្រឌិត ការវេចខ្ចប់ ហើយគ្រប់ផលិតផលគឺផលិតតចេញពីវត្ថុធាតុដើមដែលជាកសិផលក្នុងខេត្តបាត់ដំបងផ្ទាល់តែម្ដង។លោកថា សន្ទុះនៃការគាំទ្ររបស់អតិថិជនមួយចំនួនធំ គឺហាក់មានការចាប់ផ្ដើមបណ្ដើរៗហើយមកលើផលិតផលដែលផលិតដោយកូនខ្មែរ ដែលជំនួយដល់សុខភាព រួមទាំងមានរសជាតិឆ្ងាញ់ពិសារ។

ថ្ងៃមុខលោកមានគោលដៅថានឹងកែច្នៃបន្លែផ្លែឈើគ្រប់ប្រភេទគ្រប់ទម្រង់ដូចជាម្សៅ ទឹកភេសជ្ជៈ ផ្លែឈើសម្ងួតផ្សេងៗទៀតដែលមានការដាំដុះច្រើនពីប្រជាជននៅក្នុងតំបន់ ខណៈបច្ចុប្បន្នលោកបានផលិតពីភោគផលកសិកម្មនៅក្នុងស្រុកមានដូចជាស្វាយ ប៉េងប៉ះ ម្នាស់ ស្រកានាគ ផ្លែនមាន ឬតាង៉េន ល្ហុង ដាក់លក់នៅលើទីផ្សារមួយចំនួនតូចរួចមកហើយ។

យ៉ាងណាមិញ ក្នុងនាមជាអ្នកគ្រប់គ្រងអាជីវកម្មជំនាន់ថ្មី លោក ឆេងហេង លើកឡើងថា ក្នុងការបើកអាជីវកម្មគឺតែងតែមានការលំបាក តែបើធ្វើវាដោយក្ដីស្រលាញ់ អ្នកនឹងជំនះរាល់ការលំបាក និងដោះស្រាយបញ្ហាប្រកបដោយចំណេះជំនាញដែលមាន។ ម្យ៉ាងវិញទៀត គឺត្រូវសិក្សារស្វែងយល់ឱ្យបានច្បាស់ពីអាជីវកម្មដែលចង់ចាប់ផ្ដើម រកបុគ្គលិកជំនាញមកប្រើការ និងកុំស្រមៃយូរពេក ព្រោះរវល់តែស្រមៃអ្នកអាចនឹងបាត់បង់ឱកាស ដូច្នេះបើស្រលាញ់ហើយរៀបចំផែនការ ចាប់ផ្ដើមធ្វើពីតូចទៅធំ កុំរង់ចាំភាពល្អឥតខ្ចោះ ហើយត្រូវនាធានាថាមានផែនការច្បាស់លាស់។

ងាកមកគោលជំហររបស់លោកឆេងហេង ក្នុងនាមជាអ្នកផលិតក្នុងស្រុក លោកនឹងណែនាំឱ្យប្រជាជនងាកមកចាប់អារម្មណ៍នូវផលិតផលក្នុងស្រុក ដែលមានគុណភាព មានប្រយោជន៍ដល់សុខភាព ដែល សិប្បកម្មណាវីតាបានផលិត។ ពិសេស គឺផ្លាស់ប្ដូរផ្នត់គំនិតប្រជាជនមួយចំនួន ដែលនិយមតែផលិតផលនាំចូលក្នុងតម្លៃថោក បានច្រើន និងឆ្ងាញ់ ដោយមិនបានខ្វល់ពីគុណភាព៕


Khcct banner

អត្ថបទទាក់ទង