Yearendyearend1140x150

អាមេរិកនឹងប្រើយន្តហោះស៊ីវិលបម្រុង១៨គ្រឿងទៅជួយជម្លៀសពលរដ្ឋនៅអាហ្វហ្គានីស្ថាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ សារព័ត៌មាន រ៉យទ័រ

អាមេរិក៖ក្រសួងការពារជាតិអាមេរិក នៅថ្ងៃទី ២២ សីហា បានប្រកាសប្រើយន្តហោះអាកាសចរណ៍ស៊ីវិលបម្រុង ១៨ គ្រឿង ដើម្បីចូលរួមក្នុងប្រតិបត្តិការដឹកជញ្ជូន និង ជម្លៀសបុគ្គលិកអាមេរិកនៅអាហ្វហ្គានីស្ថាន។

រដ្ឋមន្រ្តីក្រសួងការពារជាតិលោក អូស្ទីន បានបញ្ជាឱ្យមេបញ្ជាការដឹកជញ្ជូនអាមេរិក បើកដំណើរការយន្តហោះអាកាសចរណ៍ស៊ីវិលបម្រុង ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៦ ចូលរួមក្នុងប្រតិបត្តិការជម្លៀសនេះ។នេះបើយោងតាមការអះអាងរបស់អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Kirby ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា យន្តហោះអាកាសចរណ៍ស៊ីវិល ដែលចូលរួមក្នុងប្រតិបត្តិការនេះនឹងមិនទៅទីក្រុងកាប៊ុលទេ ប៉ុន្តែនឹងត្រូវប្រើដើម្បីដឹកជញ្ជូនអ្នកជម្លៀសចេញពីកន្លែងឆ្លងកាត់ទៅកន្លែងផ្សេងទៀត។ ការផ្លាស់ប្តូរនេះនឹងបង្កើនភាពចល័តរបស់អ្នកជម្លៀស និង អនុញ្ញាតឱ្យយន្តហោះដឹកជញ្ជូនយោធាអាមេរិកផ្តោតលើតែប្រតិបត្តិការជម្លៀសមនុស្សចេញពីអាកាសយានដ្ឋានកាប៊ុល។

គួរបញ្ជាក់ថា យោធាអាមេរិកបានដកមនុស្សប្រហែល ៣.៩០០ នាក់ចេញពីអាហ្វហ្គានីស្ថាន ហើយ ចាប់តាំងពីថ្ងៃទី ១៤ សីហា មកមនុស្សសរុបជិត ២៨.០០០ នាក់ត្រូវបានជម្លៀសចេញ ដោយយន្តហោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ រដ្ឋាភិបាល និងយោធាកំពុងពិភាក្សាគ្នា ថាតើត្រូវពន្យារការដាក់ពង្រាយយោធាអាមេរិកលើសពីថ្ងៃទី ៣១ ខែសីហាឬយ៉ាងណា។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាង សហរដ្ឋអាមេរិកកំពុងអនុវត្តផែនការបញ្ជូនពលរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថានទៅកាន់តំបន់មានសុវត្ថិភាព ហើយបានពង្រីកផ្លូវឆ្លងកាត់និងតំបន់មានសុវត្ថិភាពនៅជុំវិញអាកាសយានដ្ឋាន។

សូមជម្រាប់ជូនថា អាកាសចរណ៍ស៊ីវិលបម្រុង គឺជាយន្តការត្រៀមសម្រាប់គ្រាអាសន្នជាតិ ដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាសរបស់អាមេរិក ហើយវាក៏ជាផ្នែកសំខាន់មួយនៃសមត្ថភាពរបស់បញ្ជាការដឹកជញ្ជូនក្នុងការបំពេញតម្រូវការសន្តិសុខជាតិនៅពេលមានអាសន្ន។នេះគឺជាលើកទីបីនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ក្នុងការប្រើអាកាសចរណ៍ស៊ីវិលបម្រុងរបស់យោធាអាមេរិក បន្ទាប់ពីសង្គ្រាមឈូងសមុទ្រនិងសង្គ្រាមនៅអ៊ីរ៉ាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង