Yearendyearend1140x150

សហភាពអឺរ៉ុបបារម្ភពីសិទ្ធិបញ្ចេញមតិនៅកម្ពុជា ខណៈលោក រ៉ុងឈុនត្រូវជាប់ពន្ធនាគារ២ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី១៩សីហានេះ បានសរសេរសារបង្ហោះក្នុងបណ្តាញសង្គម បង្ហាញពីការព្រួយបារម្ភពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក៏ដូចជាសិទ្ធិនយោបាយ និងសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៅប្រទេសកម្ពុជា ខណៈលោក រ៉ុងឈុន ជាសកម្មជនរិះគន់លើបញ្ហាការបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ ត្រូវបានតុលាការសម្រេចកាត់ក្តីឲ្យជាប់ពន្ធនាគារ២ឆ្នាំ។

ក្នុងសំណេរនោះ សហភាពអឺរ៉ុបបានបញ្ជាក់ទៀតថា សេរីភាពក្នុងការបញ្ចេញមតិ គឺជាផ្នែកមួយដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ ដូចតុលាការឯករាជ្យ ដែលមិនគួរត្រូវបានប្រើប្រាស់ ដើម្បីបំបិទមាត់សកម្មជនសឡើយ។ សាលក្រមប្រឆាំងនឹងលោក រ៉ុង ឈុន និងសកម្មជនពីរនាក់ផ្សេងទៀត គឺជាការព្រួយបារម្ភរបស់សហភាពអឺរ៉ុប ព្រោះវាធ្វើឱ្យប៉ះពាល់ដល់ការបញ្ចេញមតិជាសាធារណៈ នៃការមិនយល់ស្រប ឬការរិះគន់ផ្នែកនយោបាយ និងចោទជាសំណួរអំពីឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា។

តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៨ សីហា ឆ្នាំ២០២១ សម្រេចកាត់ទោសឲ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារចំនួន ២ឆ្នាំ ហើយត្រូវបង់ប្រាក់២លានរៀលទៅតុលាការ ខណៈសកម្មជន២នាក់ទៀតក៏តម្រូវឱ្យជាប់ពន្ធនាគារ២០ ខែដែរ និងពិន័យជាទឹកប្រាក់ដូចគ្នា។

គួរបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោក រ៉ុង ឈុន កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពីលោកបានរិះគន់លើបញ្ហាការបោះបង្គោលព្រំដែននៅខេត្តត្បូងឃ្មុំ ដែលពលរដ្ឋអះអាងថា អាជ្ញាធរវៀតណាមបានរំលោភយកដីពួកគាត់។ ចំណែកលោក តុន និមល និងកញ្ញា សរ កណិកា ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោយពេលពួកគេបានចូលរួមតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន និងជនជាប់ឃុំមួយចំនួនទៀត៕

លោក រ៉ុង ឈុន ត្រូវបានតុលាការសម្រេចកាត់ក្តីឲ្យជាប់ពន្ធនាគារ២ឆ្នាំ កាលពីថ្ងៃទី ១៨ សីហា ឆ្នាំ២០២១។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង