Yearendyearend1140x150

អ្នករួចជីវិតពីការរញ្ជួយដីនៅហៃទីកំពុងស្វែងរកទីជម្រកដោយសារតែឥទ្ធិពលព្យុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


រូបភាព៖ វ៉ាស៊ីនតោនផុស 

ហៃទី៖ អ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅហៃទី កំពុងស្វែងរកទីជម្រក ស្បៀងអាហារ និងការផ្គត់ផ្គង់ថ្នាំពេទ្យ ដោយសារតែឥទ្ធិពលព្យុះថេមប៊ឺរកាលពីថ្ងៃពុធកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែតវ៉ាស៊ីនតោនផុស។

ព្យុះថេមប៊ឺរបានរំខាន បានបង្កភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយបានបំផ្លាញជម្រកបណ្តោះអាសន្នរបស់ប្រជាជនហៃទីដែលរងគ្រោះដោយសារតែគ្រោះរំញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រកាលពីថ្ងៃសៅរ៍។ខណៈអ្នកខ្លះដេកលក់នៅទីវាល និងគ្មានទីជម្រកត្រឹមត្រូវកំពុងរង់ចាំជំនួយជាបន្ទាន់ និងអ្នកខ្លះទៀតបាត់ខ្លួនឬជាប់នៅក្រោមគំនរបាក់បែក។

បើតាមទីភ្នាក់ងារជំនួយអាមេរិក USAID បាននិយាយថា មន្ទីរពេទ្យដទៃទៀតមិនអាចទទួលអ្នកជំងឺបានដិតដល់ ដោយសារតែកង្វះខាតអគ្គិសនីនិងទឹក។ យ៉ាងហោចណាស់មណ្ឌលថែទាំសុខភាពចំនួន ២៤ ត្រូវបានខូចខាតរួមទាំងកន្លែងជាច្រើនទៀតត្រូវបានបំផ្លាញ។

លោកស្រី Carissa Etienne នាយកអង្គការសុខភាពអាមេរិកបាន បញ្ជាក់ថាតម្រូវការនៅហៃទីគឺធំធេងណាស់ ដោយសារតែបញ្ហាប្រឈមផ្នែកភស្តុភារនិងកង្វះទឹកស្អាតនិងអនាម័យ ដែលអាចបង្កើនហានិភ័យនៃជំងឺរាក ជំងឺផ្លូវដង្ហើម និងជំងឺស្បែក។

លោកស្រីបន្ថែមថា ផលវិបាកនៃការរញ្ជួយដីនៅហៃទីជាបញ្ហាប្រឈមមួយទៅហើយ ស្របពេលដែលរងការរីករាលដាលនៃជំងឺកូវីដ -១៩ ដែលទាំងនេះបង្ហាញពីស្ថានភាពប្រឈមយ៉ាងខ្លាំងសម្រាប់ប្រជាជនហៃទី។

យ៉ាងហោចណាស់ ក្នុងគ្រោះរំញ្ជួយដីនេះមានចំនួនអ្នកស្លាប់ប្រមាណ១,៩៤១ នាក់ ខណៈនេះជាតួលេខដែលគេរំពឹងថានឹងកើនឡើងផងដែរ។ ក្នុងនោះមនុស្សជិត ១០,០០០ នាក់បានរងរបួស និងមានផ្ទះជាង ៨៣,០០០ ខ្នងត្រូវខូចខាត ឬបំផ្លាញ។

ទាក់ទងនឹងបញ្ហានេះ អង្គការយូនីសេហ្វបានប៉ាន់ប្រមាណថាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានប៉ះពាល់ដល់មនុស្សប្រមាណ ១,២ លាននាក់ក្នុងនោះមានកុមារចំនួន ៥៤០,០០០ នាក់និងធ្វើឱ្យខូចខាតផ្ទះសម្បែងប្រមាណ ៨៤,០០០ ខ្នង។

ដោយឡែក យូនីសេហ្វបានប៉ាន់ប្រមាណថាត្រូវការទឹកប្រាក់ចំនួន ១៥ លានដុល្លារដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់បំផុត ដើម្បីជួយសង្រ្គោះប្រជាជនហៃទី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង