ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ ផ្តល់ជំនួយឥតសំណង់អគារមន្ទីរពិសោធន៍ដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៃក្រសួងសាធារណការ និងដឹកជញ្ជូន។ គ្រោងចំណាយថវិកាប្រមាណ ៥៨០,០០០ ដុល្លារអាមេរិក ជាជំនួយឥតសំណង របស់ក្រសួង រៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន (MOLIT) នៃសាធារណរដ្ឋកូរ៉េ។
អគារមន្ទីរពិសោធន៍នេះ មានប្រវែងសរុប ១៨ម៉ែត្រ x ២៥ម៉ែត្រ កំពស់ ២ជាន់ ក្នុងនោះរួមមានបន្ទប់ Asphalt Test Lab, បន្ទប់ Concrete Test Lab, បន្ទប់ Curing Room និង Storage Room ព្រមទាំង បន្ទប់ការិយាល័យ។ តាមរយៈ វិទ្យាស្ថានកូរ៉េ សំណង់ស៊ីវិល និងបច្ចេកវិទ្យា សាងសង់-Korea Institute of Civil Engineering and Building Technology (KICT) នៃ “គម្រោងនវានុវត្តន៍ ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា - Renewal Project of Road Construction and Management System for Cambodia” ប្រើរយៈពេល ៧ខែសម្រាប់សាងសង់ ដែលគ្រោងនឹងបញ្ចប់នៅចុង ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
គម្រោងនេះមានគោលដៅចម្បង ក្នុងការបង្កើតប្រសិទ្ធភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កម្ពុជា តាមរយៈ ការពង្រឹងការគ្រប់គ្រងប្រព័ន្ធផ្លូវថ្នល់ ការបណ្តុះបណ្តាលអ្នកជំនាញជាន់ខ្ពស់ ការផ្តល់សម្ភារបច្ចេកទេស និងអគារមន្ទីរ ពិសោធន៍បច្ចេកវិទ្យាសំណង់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
សូមបញ្ជាក់ផងដែរថា ការសាងសង់អគារមន្ទីរពិសោធន៍នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់ របស់វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបច្ចុប្បន្ននិស្សិតជំនាន់ទី១ ចំនួន ១៩១នាក់៕