Yearendyearend1140x150

ស្ថានទូតអង់គ្លេសសរសើរកម្ពុជាដែលជួយប្រជាជនត្រូវការវ៉ាក់សាំងការពារកូវីដ

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ម៉ាក ហ៊ែរ (Marc Thayre) ភារធារីស្តីទីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា (រូបភាព៖ @សហការី)

អង់គ្លេស៖ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះការចាក់វ៉ាក់សាំង និងការគាំទ្រដល់អ្នកដែលត្រូវការវ៉ាក់សាំងបំផុតនៅក្នុងប្រទេសកម្ពុជា។ ប្រសាសន៍នេះត្រូវបានថ្លែងឡើងនៅក្នុងពិធីប្រគល់វ៉ាក់សាំងកូវីដ-១៩ អាស្ត្រាហ្សេនីកា(AstaZeneca) ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេសមកកម្ពុជានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

នៅក្នុងឱកាសនេះ លោក ម៉ាក ហ៊ែរ (Marc Thayre) ភារធារីស្តីទីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបុគ្គលិកថែទាំសុខភាពទាំងអស់នៅជុំវិញប្រទេសកម្ពុជាមានមកពីខេត្តប៉ៃលិន ខេត្តរតនគិរី រហូតដល់ភ្នំពេញ ដែលបានលះបង់ជីវិតរបស់ពួកគេដើម្បីឱ្យមនុស្សគ្រប់គ្នាមានសុវត្ថិភាព។

លោកបន្តថា ការផ្តល់ជំនួយវ៉ាក់សាំងដោយចក្រភពអង់គ្លេស និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ដែលអនុញ្ញាតឱ្យអាជីវកម្មបើកដំណើរការឡើងវិញ កុមារក្នុងការទទួលបានការអប់រំ និងជីវភាពរស់របស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើងវិញ។

លោកបន្ថែមថា វ៉ាក់សាំងគ្រប់ប្រភេទ គឺជាជំហានដ៏សំខាន់ក្នុងការបើកឡើងវិញនូវអាជីវកម្មនានា ដូចនេះរដ្ឋាភិបាលចក្រភពអង់គ្លេសមានសេចក្តីសោមនស្សរីករាយ ដែលអាចមានភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

ក្រៅពីនេះ ចក្រភពអង់គ្លេសបានសហការជាមួយអាស៊ាន ដើម្បីគាំទ្រដល់មូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ១៩ ដើម្បីសម្របសម្រួលនូវការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រ ក៏ដូចជាការពង្រឹងបណ្តាញថែទាំសុខភាពក្នុងតំបន់។

គួរបញ្ជាក់ថា កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង