Cct850x100 1

កញ្ញាស៊ឹង គឹមស្រ៊ន៖«ម្ដាយខ្ញុំទូន្មានថាបើក្រមិនប្រឹងរៀន នេះទើបជាកំហុស»

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/


កញ្ញា ស៊ឹង គឹមស្រ៊ន និង ម្តាយ។

ភ្នំពេញ៖ កញ្ញា ស៊ឹង គឹមស្រ៊ន មានស្រុកកំណើតនៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។សព្វថ្ងៃកញ្ញាជានិស្សិតឆ្នាំទី៤ ផ្នែកអប់រំភាសាអង់គ្លេស នៃសាកលវិទ្យាល័យវេស្ទើន នៅរាជធានីភ្នំពេញ។កញ្ញា ស៊ឹង គឹមស្រ៊នធ្លាប់បោះបង់ការសិក្សាអស់រយៈពេល០៣ឆ្នាំដោយសារតែជីវភាពគ្រួសារក្រីក្រ។តែជាភ័ព្វសំណាង កញ្ញាទទួលបានអាហារូបករណ៍១០០% ពីវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សអាស៊ីនៅកម្ពុជា ( Asia HRDI ) ដើម្បីអាចបន្តការសិក្សាបាន។បើតាមកញ្ញា ស៊ឹង គឹមស្រ៊ន ការសិក្សាជាគោលជំហរដ៏ធំមិនអាចខ្វះបាន ហើយម្នាក់អ្នកកញ្ញាតែងទូន្មានថា «បើក្រមិនប្រឹងរៀន នេះទើបជាកំហុស»។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍កញ្ញា គឹមស្រ៊នបាននិយាយរៀបរាប់ពីដំណើរជីវិតរបស់ខ្លួនថា៖ « រៀបរៀនចប់ថ្នាក់ទី១២ ខ្ញុំមិនបានទៅបន្តការសិក្សាឡើយ ខណៈពេលមិត្តភក្ដិរបស់ខ្ញុំភាគច្រើនបន្ដការសិក្សានៅរាជធានីភ្នំពេញ។ ខ្ញុំសម្រេចចិត្តនៅផ្ទះ ដើម្បីជួយធ្វើការងាររបស់ឪពុកម្តាយ រហូតដល់ដើមឆ្នាំ ២០១៣ ខ្ញុំបានរកការងារធ្វើនៅក្បែរផ្ទះ ជាការងាររដ្ឋបាលនៅអង្គការខ្មែរហូមស្តេ (Khmer Homestay) របស់សាសនាគ្រីស្ទេន »។

នៅចុងឆ្នាំ២០១៤ គឹមស្រ៊នអះអាងថា ខ្លួនមានភាពលំបាកក្នុងការសុំម្ដាយមករៀនតនៅភ្នំពេញកម្រិតថ្នាក់សាកលវិទ្យាល័យ ព្រោះគាត់គ្មានថវិកាគ្រប់គ្រាន់ឡើយ។តែជាភ័ព្វសំណាង យុវតីក្រីក្ររូបនេះ ទទួលបានអាហារូបករណ៍១០០% ពីវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សអាស៊ីនៅកម្ពុជា( Asia HRDI ) ។ចំពោះការចាយវាយប្រចាំថ្ងៃ កញ្ញាទទួលបានពីការឧបត្ថម្ភពីអង្គការមួយឈ្មោះខ្មែរហូមស្តេ (Khmer Homestay) បានជួយជាថវិកា និងផ្ដល់ការងារឱ្យខ្ញុំធ្វើបណ្ដើរផងដែរ មុខតំណែងការងាររដ្ឋបាល ។

កញ្ញា គីមស្រ៊នបានរៀបរាប់ដោយទំនុកចិត្ត ថា៖ « មករៀនបន្ដនៅក្រុងភ្នំពេញ ខ្ញុំពិបាកធ្វើដំណើរណាស់ ហើយជួនកាលវង្វេងផ្លូវ ត្រូវជួបមិត្តភក្ដិថ្មី សម្របខ្លួននឹងកន្លែងស្នាក់នៅ និងសាលារៀន។ ក្រោយមក ខ្ញុំទទួលបានការឧបត្ថម្ភ កុំព្យូរទ័រ និងកង់ ពីបុគ្គលិកគ្រូនៅអង្គការខ្មែរហូមស្តេ (Khmer Homestay) »។

កញ្ញាបន្ថែមយោបល់ទៀតថា៖ « សម្រាប់នាងខ្ញុំផ្ទាល់ ការអប់រំជាគោលជំហរដ៏ធំ និងមិនអាចខ្វះបាន ទ្រព្យអាចបាត់បង់ តែចំណេះដឹងមិនអាចបាត់បង់បានទេ។ ម្ដាយរបស់ខ្ញុំ តែងទូន្មានរហូតមកថា បើក្រហើយមិនប្រឹងរៀន នេះទើបជាកំហុស ពួកគាត់គ្មានកេរ្តិ៍ករអ្វីឱ្យកូនទេ មានតែឱ្យឱកាសរៀនដល់កូនតែប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ » ។

ជាចុងក្រោយក្នុងនាមជាអតីតសិស្សធ្លាប់បោះបង់ការសិក្សាម្នាក់ គឹមស្រ៊នតែងលើកទឹកចិត្តខ្លួនឯង រកមនុស្សដែលទុកចិត្តមកជួយប្រឹក្សាពីបញ្ហាផ្សេងៗ ដូចជាការរស់នៅប្រចាំថ្ងៃ និងការសិក្សា។កញ្ញាតែងប្រាប់ខ្លួនឯងថា «ត្រូវក្រោកឈរឡើងជំនះរាល់ឧបសគ្គ ធ្វើឱ្យពាក្យរិះគន់ពីសំណាក់មនុស្សនៅជុំវិញខ្លួនយើងក្លាយជាកម្លាំងជម្រុញ ត្រូវធ្វើជាម្ចាស់នៃការសម្រេចចិត្តរបស់ជីវិតខ្លួនឯង ត្រូវចេះស្វែងរកអ្វីដែលថ្មី ត្រូវមានគំនិតសុទិដ្ឋនិយមជានិច្ច » ។ 

ពាក្យទាក់ទង: យុវជន អប់រំ
Khcct banner

អត្ថបទទាក់ទង