Yearendyearend1140x150

«វ៉ាក់សាំង»អាមេរិកមកដល់កម្ពុជាជាលើកដំបូង តែគ្មានវត្តមានសម្តេច ហ៊ុន សែនទៅទទួល

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson របស់អាមេរិកមកដល់កម្ពុជានៅថ្ងៃទី ៣០ កក្កដា ឆ្នាំ២០២១។រូបភាព៖ Mr Go

ភ្នំពេញ៖ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌល​កូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ។នេះជាលើកដំបូងហើយដែលកម្ពុជាទទួលបានជំនួយជាវ៉ាក់សាំងរបសអាមេរិក។តែការមកដល់វ៉ាក់សាំងដំបូងនេះ គឺគ្មានវត្តមានរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅទទួលនោះទេ។

ដូចការគ្រោងទុកនៅថ្ងៃទី៣០ ខែកក្កដា វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌល​កូវ៉ាក់ចំនួន ៤៥ ម៉ឺន ៥ពាន់ដូស បានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូង។ដោយឡែកចំនួនជាង៥០ម៉ឺនដូសនឹងដឹកមកដល់នៅថ្ងៃទី០២ ខែសីហាខាងមុខ។

អំណោយនេះ ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចាត់ទុកថា គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅ ក្នុងតំបន់ ក្នុងពេលដែលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ ហើយវាជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។

ចំពោះការមកដល់នៃវ៉ាក់សាំងអាមេរិកមកកាន់កម្ពុជាជាលើកដំបូងនេះ គឺខុសពីរាល់ដង។ខុសដោយសារតែមិនមានវត្តមានរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅទទួលនោះទេ ខណៈភាគីអាមេរិក គឺគ្រាន់តែបញ្ជូនអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំនៅកម្ពុជាជាអ្នកទៅទទួលជាមួយនឹងរដ្ឋមន្រ្តីសុខាភិបាលកម្ពុជា។

នៅក្នុងសន្ទរកថាក្នុងកម្មវិធីប្រគល់ និងទទួលវ៉ាក់សាំងនៅព្រឹកនេះ ផ្តើមថ្លែងដំបូងដោយអគ្គរដ្ឋទូតស្តីទីអាមេរិកប្រចាំហើយក្នុងខ្លឹមសារនោះ គឺផ្តោតសំខាន់លើជំនួយ ថវិកា និងបច្ចេកទេសរបស់អាមេរិក និងគុណសម្បត្តិអាមេរិកដែលខិតខំជួយកម្ពុជា នាពេលកន្លងមកតាមរយៈ NOG។ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាវិញ មិនបានថ្លែងលើកពីគុណសម្បត្តិរបស់អាមេរិកមកលើកម្ពុជាទេ គ្រាន់តែថ្លែងពីភាពជោគជ័យរបស់កម្ពុជាក្នុងដំណើរការចាក់វ៉ាក់សាំងក៏ដូចជាការខិតខំប្រឹង ប្រែង​របស់រាជរដ្ឋាភិបាលក្នុងការស្វែងរកវ៉ាក់សាំង។សន្ទរកថា រៀបចំឡើងដោយរយៈពេលខ្លី ហើយបិទបញ្ចប់ដោយមានការថតរូបរួមគ្នា។

គួរបញ្ជាក់ថា កម្ពុជាចាប់ផ្តើមទទួលបានវ៉ាក់សាំងជាលើកដំបូងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ​ជាវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន។កាលណោះ សម្តេចហ៊ុន សែន សម្តេចបានទៅទទួលវ៉ាក់សាំងចិនដោយផ្ទាល់ ហើយមន្ត្រីដែលអមដំណើរសម្តេចមាន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សម្ដេចពិជ័យសេនា ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលក៏នឹងចូលរួមផងដែរ។នៅយប់​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ហ៊ុន សែន បានអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។

គេកត់សម្គាល់ឃើញថា ក្នុងពិធីថ្លែងសន្ទរកថាប្រគល់ និងទទួលវ៉ាក់សាំងរបស់អាមេរិកលើដំបូងនៅកម្ពុជា ភាគីទាំងពីរមិនបានលើកឡើងពីទំនាក់ទំនងរបស់ប្រទេសទាំងពីរនោះទេ។ទំនាក់ទំនងកម្ពុជា-អាមេរិកដែលនៅរយៈពេលចុងក្រោយនេះ ត្រូវបានគេសង្កេតឃើញថា ប្រៀបដូចជាមេឃងងឹតកលចង់ភ្លៀង ឬមេឃកំពុងរងសម្ពាធទាបពិបាករកមើលអ្វីមិនឃើញ។

តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រកាសក្នុងកិច្ចសម្ភាសន៍ជាមួយពិធីករប្រទេសជប៉ុនថា កម្ពុជាទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់បូករួមទាំងរបស់ចិន អង់គ្លេស អាមេរិក ឱ្យតែរដ្ឋាភិបាល​ប្រទេសទាំងនោះប្រគល់ឱ្យកម្ពុជា ក្នុងដំណាក់កាលសមស្របណាមួយ។ហើយកម្ពុជាក៏បានដែលចាត់ទុកប្រទេសណាជាសត្រូវនោះដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង