Yearendyearend1140x150

អាជីវករ៖«សាច់ជ្រូកថ្លៃចង់ប្រហែលសាច់គោ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
អាជីវករលក់សាច់ជ្រូកនៅក្នុងផ្សារអូឬស្សី។ រូបភាព៖ ប៊ឹង កញ្ចនៈ

ភ្នំពេញ៖តម្លៃសាច់ជ្រូកនៅលើទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ បានឡើងថ្លៃដល់១គីឡូ៣០០០០ រៀល សម្រាប់សាច់សុទ្ធ សាច់បីជាន់៣២០០០រៀល។ការហក់ឡើងនៃតម្លៃនេះ បានធ្វើឱ្យប៉ះពាល់ដល់ការលក់ដូររបស់អាជីវករ និងប្រជាពលរដ្ឋទូទៅ។

អាជីវករលក់សាច់ជ្រូកមួយរូបនៅផ្សារអូរឬស្សីសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា តម្លៃសាច់ជ្រូក ដែលទិញយកមកលក់គឺជាទីផ្សារសេរី ហើយលក់ក្នុងតម្លៃ ៣០០០០ រៀល សម្រាប់សាច់សុទ្ធ សាច់បីជាន់៣២០០០រៀល។តម្លៃដែលហក់ឡើងថ្លៃនេះ ក៏បង្ករជាការពិបាកក្នុងការលក់ចេញទៅកាន់អតិថិជនផងដែរ ដោយសារតែអ្នកទិញមួយចំនួនចង់បានសាច់ល្អហើយតម្លៃថោក ខណៈតម្លៃដែលទិញពីឈ្មួញមកថ្លៃ។

អ្នកលក់រូបនេះលើកឡើងយ៉ាងដូច្នេះថា៖ «បើជ្រូកក្នុងស្រុកថោក ខ្ញុំជាអ្នកលក់ក៏សប្បាយចិត្តព្រោះស្រួលលក់ដូរ ហើយបើជ្រូកនៅតែបន្តថ្លៃដូចសព្វថ្ងៃ ពិបាកលក់ណាស់ស្របពេលសេដ្ឋកិច្ចធ្លាក់ចុះដូច្នេះ»។

បើតាមអ្នកលក់រូបនេះ កាលពីមិនទាន់មានឈ្មួញទិញជ្រូកនាំចូលផ្ដាច់មុខ តម្លៃជ្រូកក្នុងស្រុកពីមុនត្រឹមតែមួយគីឡូ២ម៉ឺនជាងតែប៉ុណ្ណោះ ហើយងាយស្រួលក្នុងការលក់ចេញ និង ដាច់ទៀតផង។

លោក សីហា ជាអាជីវករលក់សាច់ជ្រូកនៅផ្សារអូរឬស្សីជាង១០ឆ្នាំ បានលើកឡើងថា សព្វថ្ងៃនេះការលក់ដូររបស់លោកពិបាកលក់ខ្លាំងដោយសារតែតម្លៃសាច់ឡើងថ្លៃ ហើយការឡើងថ្លៃនេះដោយសារតែកង្វះខាតការផលិតក្នុងស្រុក និងមានការនាំចូលច្រើន ហើយបើធៀបនឹងពេលមុនងាយស្រួលលក់ព្រោះតម្លៃជ្រូកធូរថ្លៃ។

លោក សីហា ថ្លែងថា ៖«កាលពីជ្រូកថោក ប្រជាជនហូបសាច់ជ្រូកច្រើន ដល់តែឥឡូវជ្រូកថ្លៃ ប្រជាជនងាកទៅហូបអីផ្សេង ព្រោះសាច់ឡើងថ្លៃប្រហែលសាច់គោហើយ»។

សម្រាប់អ្នកលក់សាច់ជ្រូករូបនេះ កាលពីជ្រូកនៅតម្លៃសមរម្យ មួយគីឡូវតែ២ម៉ឺន ទៅ២៥០០០រៀលប៉ុណ្ណោះ ហើយលក់អស់ជ្រូក៤ទៅ៥ក្បាលក្នុងមួយថ្ងៃ តែពេលឥឡូវនេះសាច់ជ្រូកតម្លៃដល់ទៅ៣៥០០០រៀល និងលក់បានតែជ្រូក២ក្បាលតែប៉ុណ្ណោះក្នុងមួយថ្ងៃ។លោកថា ផលលំបាកក្នុងការលក់កន្លងមកនេះ គឺបញ្ហាតម្លៃហក់ឡើងខ្ពស់ ទន្ទឹមនឹងឱនភាពសេដ្ឋកិច្ច ដោយសារតែសេដ្ឋកិច្ចមិនសូវល្អហើយ តម្លៃសាច់ឡើងថ្លៃ ធ្វើឱ្យការលក់ធ្លាក់ចុះ៦០%។

ក្រៅពីអាជីវករខាងលើមានអាជីវករមួយចំនួនទៀត បានថ្លែងស្រដៀងគ្នាពីបញ្ហាអ្វី ហើយពួកគេ បានសំណូមពរទៅក្រសួងពាក់ព័ន្ធ ជួយគិតគូរពីតម្លៃទីផ្សារជ្រូកធ្វើយ៉ាងណាកំណត់តម្លៃលើជ្រូកនាំចូលកុំឱ្យឡើងថ្លៃ កាលណាជ្រូកនាំចូលថ្លៃធ្វើឱ្យតម្លៃជ្រូកក្នុងស្រុកឡើងថ្លៃដែរ បច្ចុប្បន្នប្រជាពលរដ្ឋកំពុងជួបប្រទះការខ្វះខាត កាលណាម្ហូបឡើងថ្លៃនឹងប៉ះពាល់ដល់ជីវភាពគ្រួសារពលរដ្ឋ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង