Cct850x100 1
1800px x h300px kh

លោកយាយអាយុ៧៧ឆ្នាំម្នាក់ដើរលក់បន្លែអាចរកប្រាក់ប្រហែល១០ម៉ឺនរៀលក្នុងមួយថ្ងៃ

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកយាយ ប៉ិច រ៉ឺន អាយុ៧៧ឆ្នាំ ជាអ្នកលក់បន្លែតាមកង់ (រូបភាព៖ សហការីស៊ីស៊ីថាមស៍)

កណ្តាល៖ លោកយាយ ប៉ិច រ៉ឺន អាយុ៧៧ឆ្នាំ មានស្រុកកំណើតនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។ លោកយាយប្រកបមុខរបរជាអ្នកលក់បន្លែអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយមានលក់បន្លែចម្រុះប្រហែល៥ទៅ៦មុខ។ លោកយាយជិះកង់ដើរលក់តាមរមណីយដ្ឋានគៀនស្វាយក្រៅ ទទួលបានចំណូលពីការលក់បានប្រហែល១០ម៉ឺនរៀលក្នុងមួយថ្ងៃសម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

ក្នុងកិច្ចសម្ភាសជាមួយក្រុមការងារស៊ីស៊ីថាមស៍ លោកយាយ ប៉ិច រ៉ឺនបានថ្លែងថា លោកយាយលក់បន្លែភាគច្រើននៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ លោកយាយជិះកង់ដើរលក់បន្លែចម្រុះប្រហែល៥ទៅ៦មុខ ដូចជាត្រួយល្ពៅ ស្ពៃ ដើមខាត់ណា ផ្កាខាត់ណា ត្រប់ ម្ទេស។ ចំពោះបន្លែដែលលោកយាយយកមកលក់ភាគច្រើនគឺដំណាំដាំលក្ខណៈគ្រួសារ ជាដំណាំមិនដាក់ថ្នាំដែលកូនចៅរបស់លោកយាយជាអ្នកដាំនៅតាមផ្ទះនៅភូមិកោះប្រាក់ដែលរស់នៅសព្វថ្ងៃ។

លោកយាយ ប៉ិច រ៉ឺន បានបន្តថា លោកយាយជិះកង់ដើរលក់តាមរមណីយដ្ឋានគៀនស្វាយក្រៅ ដែលគេមកលេងកម្សាន្តជាលក្ខណៈគ្រួសារបានជួយទិញបន្លែលោកយាយ ហើយអ្នកខ្លះឃើញលោកយាយមានវ័យចំណាស់ តែងតែជូនលុយ និងអ្នកខ្លះទៀតទិញបន្លែដោយមិនយកលុយអាប់ជាដើម។ ចំណូលដែលលោកយាយរកបានពីការលក់ក្នុងមួយថ្ងៃបានប្រហែល១០ម៉ឺនរៀលសម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ លោកយាយបានយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងសន្សំទុកខ្លះសម្រាប់ធ្វើបុណ្យទាន។

លោកយាយ ប៉ិច រ៉ឺន មានកូនចំនួន៧នាក់ ហើយសព្វថ្ងៃលោកយាយកំពុងស្នាក់នៅជាមួយកូនពៅ និងប្តីលោកយាយជាអ្នកភ្លុកបូជាសព ប៉ុន្តែបច្ចុប្បន្នលោកតានៅតែផ្ទះមិនមានប្រាក់ចំណូលទេ។ ដោយឡែក មូលហេតុដែលលោកយាយនៅតែបន្តលក់ទាំងវ័យចំណាស់បែបនេះ គឺដោយសារតែជាទម្លាប់របស់លោកយាយ ដែលមានតាំងពីយូរណាស់មកហើយ លោកយាយតែងអាស្រ័យរកប្រាក់ដែលបានពីការលក់បន្លែបន្តិចបន្តួចតាមផ្លូវសាធារណៈតាំងពីដើមមក។ ម្យ៉ាងទៀតនៅពេលដែលោកយាយមិនបានដើរលក់ លោកយាយអផ្សុក និងប្រឈមនឹងការឈឺ ប៉ុន្តែប្រសិនបើលោកយាយបានដើរលក់សុខភាពលោកយាយមិនសូវឈឺប៉ុន្មានទេ ដូច្នេះលោកយាយចេះតែបន្តលក់ដដែល។

លោកយាយ ប៉ិច រ៉ឺន បានបន្តថា ជីវភាពរបស់លោកយាយមិនសូវជាលំបាកប៉ុន្មានទេ ពេលខ្លះកូនរបស់លោកយាយមិនចង់ឲ្យដើរលក់ទេដោយសារឃើញលោកយាយមានវ័យចំណាស់ តែជាទម្លាប់របស់លោកយាយនៅតែបន្តដើរលក់ជារៀងរាល់ថ្ងៃ និងរកប្រាក់ចំណូលល្មមគួរសមសម្រាប់ផ្គត់ផ្គង់គ្រួសារ។ លោកយាយ បានថ្លែងថា លោកយាយនឹងនៅតែបន្តលក់រហូតទាល់តែលោកយាយដើរលែងរួច ព្រោះបន្លែដែលយកទៅលក់ទាំងអស់នោះសុទ្ធតែដាំនៅផ្ទះ មិនពិបាកទិញពីខាងក្រៅឡើយ៕

លោកយាយ ប៉ិច រ៉ឺន អាយុ៧៧ឆ្នាំ ជាអ្នកលក់បន្លែតាមកង់ (រូបភាព៖ សហការីស៊ីស៊ីថាមស៍)


Khcct banner

អត្ថបទទាក់ទង