Cct850x100 1
1800px x h300px kh

ក្រសួងសាធារណការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ«មណ្ឌលផ្តល់សេវាសាធារណៈ»នៅសៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
«មណ្ឌលផ្តល់សេវាសាធារណៈ» នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប។

សៀមរាប៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២១ កក្កដានេះ បានប្រកាសសម្ពោធបើកឱ្យដំណើរការជាផ្លូវការ​«មណ្ឌលផ្តល់សេវាសាធារណៈ» នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប។នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួង តាម​រយៈ​​ការលើកកម្ពស់ប្រសិទ្ធភាព គុណភាព និងទំនើបកម្ម នៃការផ្តល់សេវារដ្ឋបាលឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ។

“មណ្ឌលផ្តល់សេវាសាធារណៈ” ថ្មីនេះជាមណ្ឌលទី៥ បង្កើតឡើងក្នុងគោលបំណងដើម្បីជួយសម្រួលក្នុងការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់នីតិវិធី ស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និង តម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។

តាមរយៈមណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ក្រសួងសាធារណការយល់ឃើញថា ប្រជាពលរដ្ឋអាចមកទទួលសេវាប្តូរបណ្ណបើកបរយានយន្ត ចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៨យប់ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប អាចមកទទួលសេវាប្តូរបណ្ណបើកបរ យានយន្ត ចុះបញ្ជីរថយន្ត ផ្ទេរកម្មសិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅមណ្ឌលផ្តល់សេវាសាធារណៈថ្មី ចាប់ពីថ្ងៃបើកឱ្យដំណើរការនេះតទៅ។សម្រាប់ ឯកឧត្តម តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួលសេវាសាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព។

សូមបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈ បានចំនួន ៥ទីតាំងក្នុងនោះមានជាអាទិ៍ មណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរផ្សារទំនើបអ៊ីអន ១ (AEON 1), មណ្ឌលផ្ដល់សេវាបណ្ណបើកបរផ្សារទំនើបអ៊ីអន ២ (AEON 2), មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (CHIP MONG NORO MALL),មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន,មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប ហេរីថេក វ៉ក (THE HERITAGE WALK)៕


Khcct banner

អត្ថបទទាក់ទង