Yearendyearend1140x150

ខួប៦៣ឆ្នាំ៖ចំណងការទូតកម្ពុជា-ចិនក្លាយជា«មិត្តដែកថែប»គោរពគ្នាទៅវិញទៅមក

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម XI Jinping ប្រធានាធិបតីចិន (រូបភាព៖ Internet)

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ គឺជាថ្ងៃប្រារព្ធខួបទីលើក៦៣ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា។ នៅក្នុងឱកាសនេះ ចិនសង្កេតឃើញថា ចិននិងកម្ពុជាបានក្លាយជាមិត្តដែកថែបគ្រប់កាលៈទេសៈយ៉ាងពិតប្រាកដ ដោយផ្អែកលើកត្តាជាច្រើនយ៉ាងដូចជា ការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពគ្នា។

ទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា ជាទំនាក់ទំនងដំបូងរបស់កម្ពុជាដែលកើតចេញពីសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងឯកឧត្តម ជូ អេនឡាយ អតីតនាយករដ្ឋមន្រ្តីចិន ដែលលោកទាំងពីរត្រូវបានគេទុកថា ជាស្ថាបនិកនៃទំនាក់ទំនងប្រទេសទាំងពីរដែលមានរយៈពេល៦៣ឆ្នាំ ចាត់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងក្នុងបទសម្ភាសន៍ជាមួយ BTVថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជាក្នុងឆ្នាំ១៩៥៨មក ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីររក្សា បាននូវការអភិវឌ្ឋន៍ប្រកបដោយភាពល្អប្រសើរ និងស្ថិរភាពក្រោមហេតុផលជាច្រើនយ៉ាងដូចជា ការជឿទុកចិត្តគ្នាទៅវិញទៅមកកិច្ចសហប្រតិបត្តិកានៅក្នុងវិស័យនានាដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនោយោគ ទំនាក់ទំនង និងប្រាស្រ័យទាក់ទងគ្នា ដែលបានធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរបានបំពេញឱ្យគ្នាទៅវិញទៅមក។

បើតាមឯកអគ្គរដ្ឋទូតចិន ចាប់ពីផ្ទុះឡើងនូវជំងឺកូវីដ-១៩មក ចិននិងកម្ពុជា បានជួយគ្នាទៅវិញទៅមកនិងរួមគ្នាពុះពាររាល់ការលំបាក បង្កើតបានជាគំរូកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការទប់ស្កាត់កូវីដ-១៩ ដោយឯកឧត្តមបានបង្ហើបឱ្យដឹងថា នៅចុងខែកក្កដានេះ រដ្ឋាភិបាលចិននឹងផ្តល់ជំនួយជាវ៉ាក់សាំងចំនួន១លានដូសបន្ថែមទៀតជូនដល់ភាគីកម្ពុជា នឹងមកដល់រាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ។ ក្រៅពីនេះ ភាគីចិនក៏សម្រេចចិត្តផ្តល់ជំនួយសម្ភារៈការពារដែលមានទឹកប្រាក់សរុប២០លានយ័នជូនដល់កម្ពុជា។

ឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន គណបក្សប្រជាជនកម្ពុជានឹងអាចការពារអធិតេយ្យភាព ឯករាជភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ អាចទទួលបានភាពជោគជ័យនូវគោលដៅអភិវឌ្ឍន៍ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខពស់នៅឆ្នាំ២០៥០។ ភាគីចិនរីករាយបន្តពង្រឹងកិច្ចសហប្រតិបត្តការជាក់ស្តែងជាមួយកម្ពុជាលើគ្រប់វិស័យ ដើម្បីជួយកម្ពុជាស្តារសេដ្ឋកិច្ចឱ្យមានភាពរស់រវើកឡើងវិញ ហើយនឹងធ្វើជាបង្អែកយុទ្ធសាស្រ្តសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនកម្ពុជាជានិច្ច។

សូមរម្លឹកជូនថា ទំនាក់ទំនងការទូតរវាងចិននិងកម្ពុជា បានចងភ្ជាប់ជាផ្លូវការនៅថ្ងៃទី ១៩ ខែកក្កដាឆ្នាំ១៩៥៨។សម្ដេចព្រះបាទ នរោត្តម សីហនុ និងនាយករដ្ឋមន្ដ្រីចិន ជូ អេនឡាយ បានជួបគ្នា និង កសាងទំនាក់ទំនងមិត្តភាពតាំងពីឆ្នាំ១៩៥៥មកម្ល៉េះ។ ព្រះបាទ នរោត្តម សីហនុ សព្វព្រះទ័យលោក ជូ អេនឡាយ ព្រោះថ្នាក់ដឹកនាំប្រទេសមហាអំណាចចិន ចេះដាក់ខ្លួនឱនលំទោន និង ផ្ដល់តម្លៃស្មើមុខស្មើមាត់ដល់ព្រះអង្គ និងប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង