Yearendyearend1140x150

សមាគមន៏ចិនមួយថាមានករណីសង្ស័យផ្ទុកមេរោគ«កូរ៉ូណា»ពីរនាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​​ តែសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុបដិសេធន៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖​ សភាពាណិជ្ជកម្មកម្ពុជា-ចិន ប្រចាំខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែកុម្ភៈ បានចេញសេចក្តីថ្លែងការណ៍បដិសេធន៍ការបង្ហោះលិខិតដែលមានខ្លឹមសារថា«មានករណីសង្ស័យផ្ទុកមេរោគ«កូរ៉ូណា»ពីរនាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ»។សភាពាណិជ្ជកម្មកម្ពុជា-ចិន ប្រចាំខេត្តព្រះសីហនុ បានចាត់ទុកខ្លឹមសារលិខិតខាងលើមិនមែនជាការពិត និង បានព្រមានបើមានអង្គភាព ឬ បុគ្គលណាបង្ហោះផ្សាយព័ត៌មានក្លែងក្លាយ នឹងទទួលខុសត្រូវនៅចំពោះមុខច្បាប់។

ការចេញសេចក្តីថ្លែងការណ៍បដិសេធន៍នេះ ធ្វើឡើងបន្ទាប់ពីសមាគមសហព័ន្ធពាណិជ្ជកម្មខេត្តព្រះសីហនុបានបង្ហោះលិខិតមួយនៅក្នុងបណ្តាញសង្គម WECHAT ដែលក្នុងលិខិតនោះមានខ្លឹមសារថា មានករណីសង្ស័យផ្ទុកមេរោគ«កូរ៉ូណា»ពីរនាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុធ្វើឱ្យប្រជាជនចិននៅក្នុងខេត្តនេះការព្រួយបារម្ភកយ៉ាងខ្លាំង​ ហើយបាននាំគ្នាចែករំលែកបន្តក្នុងបណ្តាញសង្គម WECHAT។

ក្រោយទទួលព័ត៌មាន សភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន សីហនុវីល ស្ពេសល អ៊ីខននើមី ហ្សូន (ក្រុមហ៊ុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ)ចុះទៅស្វែងយល់ស្ថានភាពជាក់ស្តែងភ្លាម។ បន្ទាប់ផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ សភាពាណិជ្ជកម្មកម្ពុជា-ចិន ប្រចាំខេត្តព្រះសីហនុបញ្ជាក់ថា អ្វីដែលមានថ្លែងក្នុងលិខិតនោះមិនមែនជាការពិតទេ។

សូមបញ្ជាក់ថាប្រធានសភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុ​ គឺលោកជេ​ក ឈិន (Jack Chen) ហើយគាត់ក៏ជាប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែរ។

សភាពាណិជ្ជកម្មកម្ពុជា-ចិន ប្រចាំខេត្តព្រះសីហនុបានពន្យល់ថា សភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុ មិនដែលទទួលបានលិខិតពីសមាគមសហព័ន្ធពាណិជ្ជកម្មខេត្តព្រះសីហនុទេ ហើយសមាគមសហព័ន្ធពាណិជ្ជកម្មនេះ ក៏មិនដែលទាក់ទងជាមួយសភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុ និង ក្រុមហ៊ុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងច្បាស់លាស់ដែរ។

ចំពោះបុគ្គលិកជនជាតិចិនពីរនាក់ដែលក្នុងលិខិតថាមានការសង្ស័យផ្ទុកមេរោគ«កូរ៉ូណា»នោះ សភាពាណិជ្ជកម្មកម្ពុជា-ចិន ប្រចាំខេត្តព្រះសីហនុពន្យល់ថា ពួកគេមិនមែនមកកម្ពុជាវិញនៅថ្ងៃទី២៣ ខែមករាដូចមាននៅក្នុងលិខិតទេ ពោលគឺម្នាក់មកវិញនៅថ្ងៃទី១ ខែកុម្ភៈ ហើយម្នាក់ទៀតមកវិញនៅថ្ងៃទី៣ ខែកុម្ភៈ។បន្ទាប់មកដល់កម្ពុជាយោងតាមសំណូមពររបស់សភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុ និងក្រុមហ៊ុន វិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ បុគ្គលិកពីរនាក់នោះត្រូវបានដាក់នៅបន្ទប់ដាច់ដោយឡែក រហូតដល់ពេលនេះ មិនមានអាការៈពិបាកដកដង្ហើមទេ។

ក្នុងចំណោមបុគ្គលិកពីរនាក់នោះ ម្នាក់បានធ្វើដំណើរពីកម្ពុជាទៅប្រទេសចិននៅថ្ងៃទី២២ ខែមករា និងចេញដំណើរពីក្រុងគុនមីងមកកាន់ខេត្តព្រះសីហនុនៅថ្ងៃទី៣ ខែកុម្ភៈ ពេលនៅចិន បុគ្គលិកនេះមានអាការៈមិនស្រួលក្នុងបំពងក និងក្អក ហើយគាត់បានទៅមើលពេទ្យពីរដង ហើយលទ្ធផលបានបង្ហាញថា គាត់មិនមានផ្ទុកមេរោគវីរុស«កូរ៉ូណា»ថ្មីទេ។រហូតដល់ពេលនេះ គាត់មានសីតុណ្ហភាពរាងកាយធម្មតា ប៉ុន្តែនៅតែក្អកដដែល។

ចំណែកបុគ្គលិកម្នាក់ទៀតចេញដំណើរពីទីក្រុងក្វាងចូវមកកាន់ខេត្តព្រះសីហនុតាមជើងហោះហើរលេខ LQ909 នៅថ្ងៃទី១ ខែកុម្ភៈ បច្ចុប្បន្នគាត់មានសីតុណ្ហភាពរាងកាយធម្មតា ហើយគ្មានអាការៈក្អក និងពិបាកដកដង្ហើមទេ។សភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុ តម្រូវឱ្យសហគ្រាសដាក់បុគ្គលិកពីរនាក់នោះដាច់ដោយឡែក និងបញ្ជូនទៅពិនិត្យព្យាបាល។

សភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុ បានបញ្ជាក់ជាថ្មីថា សភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុ គឺជាសមាគមន៏មួយដែលទទួលបានការទទួលស្គាល់ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។សភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុ សូមអំពាវនាវដល់សហគ្រាសចិននៅខេត្តព្រះសីហនុ កុំបង្ហោះផ្សាយព័ត៌មានពាក់ព័ន្ធនឹងជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណាដែលមិនទាន់ត្រូវបានបញ្ជាក់ថាជាការពិត ដើម្បីជៀសវាងកុំឱ្យមានផលប៉ះពាល់ដល់ការងារបង្ការជំងឺរលាកផ្លូវដង្ហើមដោយវីរូសកូរ៉ូណារបស់ប្រទេសកម្ពុជា។

បើសហគ្រាសចិនណាមួយមានបុគ្គលិកចេញដំណើរពីប្រទេសចិនមកកាន់ខេត្តព្រះសីហនុនៅរយៈពេលចុងក្រោយនេះ សូមរាយការមកសភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុ និងដាក់នៅបន្ទប់ដាច់ដោយឡែករយៈពេលចំនួន១៤ថ្ងៃ។បើមានអង្គភាព ឬ បុគ្គលណាមួយដែលបង្ហោះផ្សាយព័ត៌មានក្លែងក្លាយ សភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុនឹងរក្សាសិទ្ធិក្នុងការទាមទារឱ្យទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។

សភាពាណិជ្ជកម្មកម្ពុជាចិននៅខេត្តព្រះសីហនុកានប្រកាសលេខអ្នកទំនាក់ទំនងនៃសភាពាណិជ្ជកម្មមួយនេះផងដែរ​ ដោយមានឈ្មោះJIANG KEXINGនិងលេខទូរស័ព្ទៈ 0884279363។

សូមបញ្ជាក់ថា សមាគមសហព័ន្ធពាណិជ្ជកម្មខេត្តព្រះសីហនុ គឺជាសមាគមន៍មួយដែលមានក្រុមហ៊ុនចិនដែល​ប្រកបរបរស់ស៊ី​នៅខេត្តព្រះសីហនុជាច្រើនធ្វើជាសមាជិក។នៅព្រឹកថ្ងៃទី៧ កុម្ភៈ សមាគមន៍មួយនេះបានបង្ហោះលិខិតមួយនៅក្នុងបណ្តាញសង្គម WECHAT ដែលក្នុងលិខិតនោះមានខ្លឹមសារថា«នៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២០ នៅចន្លោះម៉ោង២០ ដល់ម៉ោង២៣ សភាពាណិជ្ជកម្មខ្ញុំបាទដោយមានលោកZhang Junwei ដែល​ជា​អគ្គលេខា​ធិការអចិន្ត្រៃយ៍នៅប្រចាំការ បានទទួលទូរស័ព្ទចំនួន២ខ្សែមកពី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីសុំជំនួយ ដោយពួកគាត់ថា៖ ខ្លួនមានអាការៈពិបាកដកដង្ហើម ក្អក គ្រុនក្តៅ និង សុំជំនួយជាបន្ទាន់»។

ក្នុងលិខិតដដែលបានបន្តថា អ្នកដែលសុំឱ្យជួយទាំងពីរនាក់នោះប្រាប់ថា ពួកគេមកដល់កម្ពុជាតាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មក រួមទាំងការប៉ះពាល់ជាមួយបុគ្គលមួយចំនួនជាដើម។ ភាគីយើងខ្ញុំយល់ថា ករណី​នេះ​ត្រូវ​ដាក់បញ្ចូលក្នុងការដោះស្រាយជាបន្ទាន់ក្នុង”ករណីសង្ស័យ”នៃការឆ្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មី និង សំណូមពរឲ្យសមាគមជូនដំណឹងជាបន្ទាន់ដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីធ្វើការដាក់បុគ្គលទាំងពីរនាក់ឲ្យដាច់ឡែក និង​ត្រួតពិនិត្យឲ្យបានតឹងរឹង ព្រមទាំងរាយការណ៍ទៅស្ថានទូតចិនឱ្យបានទាន់ពេលវេលា៕

ខាងលើជាសេចក្តីថ្លែងការណ៍របស់សភាពាណិជ្ជកម្មកម្ពុជា-ចិននៅខេត្តព្រះសីហនុ។
នេះជាលិខិតសមាគមសហព័ន្ធពាណិជ្ជកម្មខេត្តព្រះសីហនុ ផ្ងើចូលក្នុងក្នុងបណ្តាញសង្គម WECHAT ដែលធ្វើឱ្យប្រជាជនចិននៅក្នុងខេត្តនេះការព្រួយបារម្ភកយ៉ាងខ្លាំង​ ហើយបាននាំគ្នាចែករំលែកបន្តក្នុងបណ្តាញសង្គម WECHAT។ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង