Yearendyearend1140x150

ការ«ចាក់វ៉ាក់សាំង»នៅភ្នំពេញបញ្ចប់ជាស្ថាពរ ខណៈពលរដ្ឋជិត២លាននាក់ទទួលចាក់វ៉ាក់សាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែន ទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែតនាពេលកន្លងទៅ (រូបភាពពី ផេកសម្តេច)

ភ្នំពេញ៖ ក្រោយបើកដំណើរការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញមានរយៈពេល៥ខែមក នៅថ្ងៃទី៨ កក្កដានេះ ក្រសួងសុខាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញជាស្ថាពរ។ការប្រកាសនេះ ធ្វើឡើងក្រោយពលរដ្ឋនៅរាជធានីជិត២លាន បានមកទទួលការចាក់វ៉ាក់សាំង។

ក្នុងបទសម្ភាសន៍ជាស៊ីស៊ីថាមស៍ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ទុកចំនួនពលរដ្ឋមកចាក់វ៉ាក់សាំងខាងលើ គឺត្រូវទៅតាមផែនការរបស់សាលារាជធានីភ្នំពេញដែលបានគ្រោងទុក ហើយវាជាភាពជោគជ័យមួយនៃយុទ្ធសាស្រ្ត «ផ្ការីក»របស់កម្ពុជា ដើម្បីធ្វើជាយុទ្ធនាការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ដោយផ្តើមចេញពីចំណុចបេះដូងនៃប្រទេស គឺរាជធានីភ្នំពេញ។

បើតាមឯកឧត្តម ឃួង ស្រេង ក្រោយបិទបញ្ចប់នៅថ្ងៃនេះ សាលារាជធានីភ្នំពេញនឹងមិនមានគម្រោងចាក់វ៉ាក់សាំងបន្តជូនប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទៀតទេ ព្រោះរាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងឱ្យសាលារាជធានីភ្នំពេញចាក់ជូនប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញមុនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា។ ដូចនេះបន្ទាប់ពីរាជធានីភ្នំពេញបញ្ចប់ការចាក់វ៉ាក់សាំង ក្រុមគ្រូពេទ្យនឹងចេញដំណើរទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា។

តែយ៉ាងណាក៏ដោយ បើទោះបីជាពលរដ្ឋនៅរាជធានីភ្នំពេញបានចាក់វ៉ាក់សាំងគ្រប់តាមផែនការការកក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តការអនុវត្តវិធានសុខាភិបាលនានាដូចជា ការពាក់ម៉ាស រក្សាគម្លាត ជាដើម ហើយបុគ្គលដែលមិនអនុវត្តតាមវិធានសុខាភិបាលនឹងត្រូវទទួលការពិន័យតាមច្បាប់។

អភិបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញក៏នៅតែបន្តមានអ្នកឆ្លងជំងឺកូវីដ១៩ ដោយជាមធ្យមក្នុងមួយថ្ងៃមានពលរដ្ឋឆ្លងកូវីដចំនួន២០០-៣០០នាក់ និង អ្នកស្លាប់មានប្រមាណជា១០នាក់។ដូច្នេះការអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល គឺជារឿងចាំបាច់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែកក្កដានេះ កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាជនបានជាង ៤លាន៧សែននាក់ ស្នើនឹង ៤៧.០១ភាគរយ ក្នុងចំណោមប្រជាជនដែលត្រូវចាក់វ៉ាក់សាំងសរុបចំនួន១០លាននាក់។ហើយក្រោយបិទបញ្ចប់ចាក់វ៉ាក់សាំងនៅភ្នំពេញ ខេត្តក្រុងចំនួន១៤ផ្សេងទៀតកំពុងដំណើរការចាក់វ៉ាក់សាំងតាមផែនការរបស់រាជរដ្ឋាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង