Yearendyearend1140x150

ទំហំពាណិជ្ជកម្មសេរីកម្ពុជា-ចិនកើនឡើងជិត៤ពាន់លានដុល្លារក្នុងរយៈពេល៥ខែឆ្នាំ២០២១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប៉ែន សុជាតិ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ចកម្ម

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន កើនឡើងទាំងការនាំចេញ និងនាំចូលក្នុងទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារ ឬ២៥.០៩ភាគរយ នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៉ែន សុជាតិ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ចកម្ម បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម ប៉ែន សុជាតិ បានថ្លែងថា ចាប់ពីខែមករា ដល់ខែឧសភានៃឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន បានប្រព្រឹត្តទៅកាន់តែល្អប្រសើរឡើង ដោយកន្លងមកកម្ពុជាបាននាំចេញទំនិញកសិផលដូចជាអង្ករ ចំណិតដំឡូងក្រៀម ស្វាយស្រស់ និងគ្រាប់ស្វាយចន្ទី និងទំនិញផ្សេងទៀតទៅទីផ្សារចិន។ ទន្ទឹមនឹងនេះកម្ពុជាក៏មានការនាំចូលពីចិនមកវិញដែរដូចជា គ្រឿងអេឡិចត្រូនិច គ្រឿងបរិភោគកែច្នៃជាដើម។

បើតាមឯកឧត្តម ប៉ែន សុជាតិ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ភាគីចិនមានការយោគយល់ច្រើនចំពោះភាគីកម្ពុជាក្នុងការធ្វើពាណិជ្ជកម្មជាមួយគ្នា ដោយសារទីផ្សារចិនជាទីផ្សារធំរបស់កម្ពុជា ដែលបានធ្វើឱ្យទំហំពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងទាំងការនាំចេញ និងការនាំចូលរហូតដល់ ៣,៩០៧,០៥៧,៥៦៤.៣១ដុល្លារក្នុងឆ្នាំ២០២១នេះ។ ក្នុងនោះកម្ពុជានាំចេញក្នុងទំហំទឹកប្រាក់ចំនួន ៥៥៨,៣៥៨,៦០៣.០៥ដុល្លារ និងនាំចូលក្នុងទំហំទឹកប្រាក់ ៣,៣៤៨,៦៩៨,៩៦១.២៦ដុល្លារ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ត្រូវបានចុះហត្ថលេខា និងបានបញ្ចប់រួចរាល់ហើយ ប៉ុន្តែគឺត្រូវរងចាំនីតិវិធីផ្ទៃក្នុងដើម្បីដាក់ជូនឱ្យមានការអនុម័ត និងអនុវត្តជាផ្លូវការ។ក្រៅពីធ្វើពាណិជ្ជកម្មសេរីជាមួយចិន បច្ចុប្បន្នកម្ពុជាក៏កំពុងចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួនទៀតដូចជា ការធ្វើពាណិជ្ជកម្មសេរីជាមួយភាគីកូរ៉េ ដែលបានបញ្ចប់ការចរចារួចរាល់ហើយ ប៉ុន្តែដោយសារតែបញ្ហាកូវីដ គឺតម្រូវឱ្យភាគីទាំងពីរត្រូវរងចាំពេលវេលាសមស្របក្នុងការចុះហត្ថលេខា ហើយនៅមានកិច្ចការផ្សេងទៀតដែលតម្រូវឱ្យមានការជួបផ្ទាល់ ក៏មិនអាចដំណើរការទៅបានដែរ។

មួយវិញទៀត គឺការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា ដោយបច្ចុប្បន្នកម្ពុជាក៏បានបញ្ចប់សេចក្តីព្រៀងលើការសិក្សាលើលទ្ធភាពជាក់ស្តែងនៃផលចំណេញ និងការខាតបង់រួចរាល់ដែរ ប៉ុន្តែត្រូវពិនិត្យ ពិចារណាផ្ទៃក្នុងដើម្បីសិក្សាឱ្យបានហ្មត់ចត់ និងការពិនិត្យមើលចំណុចវិជ្ជមាន និងអវិជ្ជមានមុននឹងសម្រេចការចរចាជាក់ស្តែងរវាងប្រទេសទាំងពីរនៅពេលណាមួយជាក់លាក់។ ក្រៅពីនេះ កម្ពុជាក៏ត្រៀមធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាសមាជិកអឺរ៉ាស៊ីនៃអឺរ៉ុបខាងកើតផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង