Yearendyearend1140x150

សម្តេចហ៊ុន សែន បញ្ជាឱ្យបិទ«កាស៊ីណូ»ទាំងអស់ចាប់ពីថ្ងៃទី០១ ខែមេសា

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាឱ្យបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះតទៅ។ បទបញ្ជារបស់សម្តេចហ៊ុន សែននេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានពិសេសមួយនៅវិមានរដ្ឋសភាជាតិនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

សម្តេចហ៊ុន សែន បានអះអាងថា កាស៊ីណូក៏អាចជាកន្លែងមួយដែលនាំឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ ដូច្នេះហើយ ម្ចាស់កាស៊ីណូទាំងអស់ត្រូវបិទបណ្តោះអាសន្នសិនហើយនឹងត្រូវអនុញ្ញាតឱ្យបើកឡើងវិញនៅពេលវេលាសមរម្យណាមួយនាពេលខាងមុខ។ សម្តេចនាយរកដ្ឋមន្រ្តីហ៊ុន សែន បានពន្យល់ថា មិនអាចបញ្ជាឱ្យបិទភ្លាមៗបានទេ ខ្លាចក្រែងម្ចាស់កាស៊ីណូរត់ទៅបាត់អត់មានអ្នកណាដោះស្រាយជាមួយបុគ្គលិកនៅក្នុងរយៈពេលត្រូវបិទបណ្តោះអាសន្ននេះ។

ជាមួយគ្នានេះ សម្តេចហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការជាមួយម្ចាស់កាស៊ីណូទាំងអស់លើបញ្ជានេះ ដោយសម្តេចឱ្យគិតគូរកុំឱ្យម្ចាស់កាស៊ីណូបង់កាតព្វកិច្ចប្រាក់ចំណូល ព្រោះថា ពួកគេមិនអាចរកចំណូលបាននៅក្នុងអំឡុងពេលបិទទ្វារនោះទេ។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កាស៊ីណូនៅទូទាំងប្រទេសកម្ពុជាមានចំនួនសរុបប្រមាណ១៣៦កន្លែង។ វិស័យកាស៊ីណូនេះ កម្ពុជាអាចកៀរគរចំណូលពីវិស័យកាស៊ីណូឱ្យបានជាង៥៦លានដុល្លារក្នុងឆ្នាំ២០១៩។ ចំណែក នៅក្នុងឆ្នាំ២០១៨វិញ កម្ពុជាបានប្រមូលប្រាក់ចំណូលពីវិស័យកាស៊ីណូប្រមាណ ៤៦លានដុល្លារអាមេរិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង