Cct850x100 1
1800px x h300px kh

ភ្ញៀវទិញ«ខុនដូ»ក្នុងភ្នំពេញមាន៧០%ជាភ្ញៀវបរទេស និង៣០%ជាជនជាតិខ្មែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្ន ចរន្តនៃការទិញ-លក់ខុនដូនៅក្នុងរាជធានីភ្នំពេញនៅតែបន្តដំណើរការបន្តិចម្តងៗ ប៉ុន្តែចរន្តនៃការលក់ភាគច្រើនបានតែភ្ញៀវបរទេសដែលរស់នៅក្នុងស្រុកតែប៉ុណ្ណោះ ដែលមានរហូតទៅដល់៧០% ហើយភ្ញៀវជាតិមានតែ៣០%ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

លោក ច្រឹក សុខនីម មានប្រសាសន៍ថា បច្ចុប្បន្ន ចរន្តនៃការទិញ-លក់ខុនដូនៅក្នុងរាជធានីភ្នំពេញនៅតែបន្តដំណើរការ ដែលមានភ្ញៀវភាគច្រើនជាជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជា។

ចំពោះតម្លៃខុនដូវិញគឺមិនមានការធ្លាក់ចុះទេ គឺនៅតែរក្សាតម្លៃដដែល ប៉ុន្តែសកម្មភាពនៃការទិញ-លក់គឺធ្លាក់ចុះជាងមុនដោយសារតែបញ្ហាកូវីដ បានធ្វើឱ្យបាត់បង់ភ្ញៀវមួយចំនួនពីក្រៅប្រទេស។ រីឯគម្រោងចាស់នៃសាងសង់ខុនដូនៅតែបន្តសាងសង់ជាបណ្ដើរៗ ខណៈគម្រោងសាងសង់ខុនដូថ្មីៗហាក់ដូចជាពុំទាន់មានសកម្មភាពនៅឡើយ។

លោកបន្ថែមថា ប្រសិនបើស្ថានភាពកូវីដ១៩នៅតែបន្តអូសបន្លាយក្នុងរយៈពេលកាន់តែយូរ នោះវិស័យអចលនទ្រព្យនៅកម្ពុជានឹងមានផលអវិជ្ជមានជាងនេះទៅទៀត ជាពិសេសការទិញ-លក់ខុនដូអាចនឹងមានការធ្លាក់ថ្លៃ ក៏ប៉ុន្តែមិនអាចឈានដល់ការដួលរលំអាជីវកម្មនោះទេ។

ក្រៅពីនេះ លោកបានឱ្យដឹងថា ស្ថានភាពទូទៅនៅក្នុងវិស័យអចលនទ្រព្យកម្ពុជានៅតែបន្តភាពរឹងមាំទោះបីជាមានការរងផលប៉ះពាល់មួយចំនួនធំ ក៏ខាងវិស័យអចលនទ្រព្យ ជាពិសេសការសាងសង់មិនថា ក្នុងគម្រោងថ្មីឬចាស់នៅតែបន្តមាន។ អ្នកជំនាញរូបនេះសង្ឃឹមថា សកម្មភាពនៃការទិញ-លក់អចលនទ្រព្យកម្ពុជានឹងត្រឡប់មករកសភាពធម្មតាវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈត្រូវបានបិទបញ្ចប់៕

Khcct banner

អត្ថបទទាក់ទង