Yearendyearend1140x150

សម្តេចហ៊ុន សែន៖ “កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកទំព័រថ្មីនៃទំនាក់ទំនងកម្ពុជា-អាមេរិក”

នយោបាយ
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន។

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន យល់ឃើញថា ការងារមួយចំនួននៃកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងកម្ពុជា និងសហរដ្ឋអាមេរិក អាចឯកភាពគ្នា ហើយបញ្ហាមួយចំនួនទៀតដែលមិនឯកភាពគ្នា។ប៉ុន្តែសម្ដេចថា បញ្ហាទាំងនេះមិនមែនជាឧបសគ្គក្នុងទំនាក់ទំនងកម្ពុជា និងអាមេរិកនោះទេ ដោយសម្ដេចអះអាងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការផ្លាស់ប្ដូរទំព័រថ្មីនៃទំនាក់ទំនងកម្ពុជា-អាមេរិក។ នេះបើយោងតាមលិខិតរបស់សម្តេច ហ៊ុន សែន ផ្ញើរតបចំពោះលោក ថេដ យ៉ូហូ (Ted S. Yoho) Ted Yoho សមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋផ្លរីដា។

ក្នុងលិខិតនោះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសតូច ប៉ុន្តែមានចិត្តទូលាយ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចឱ្យតម្លៃខ្ពស់ទៅលើប្រព័ន្ធពហុនិយម រួមទាំងការសាមគ្គីភាពជាអន្តរជាតិដោយគ្មានការរើសអើង ជាពិសេសនៅពេលប្រឈមនឹងការដោះស្រាយបញ្ហាតំបន់ ឬអន្តរជាតិផ្សេងៗ។

បើតាមសម្តេច ហ៊ុន សែន ការសម្រេចចិត្តរបស់សម្ដេច ធ្វើឡើងដោយមិនស្ទាក់ស្ទើរឡើយក្នុងការជួយសង្គ្រោះជីវិតអ្នកដំណើរ និងនាវិកនៅលើនាវា Westerdam នៅពេលដែលនាវានោះត្រូវបានគេបដិសេធមិនឱ្យចតដោយប្រទេសមួយចំនួន និងដែនដីមួយចំនួន រួមទាំងកោះហ្គាម ដែលជាដីកោះនៃដែនដីសហរដ្ឋអាមេរិកផងនោះ ព្រោះតែការភ័យខ្លាចការឆ្លងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា លោក ថេដ យ៉ូហូ (Ted S. Yoho) សមាជិកសភារដ្ឋផ្លរីដា សហរដ្ឋអាមេរិក បានផ្ញើសារមួយដោយថ្លែងអំណរគុណចំពោះសម្តេច ហ៊ុន សែន ដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចតនៅក្នុងប្រទេសកម្ពុជា កន្លងទៅនេះ។លោក ថិត យូហូ បានចាត់ទុក ការអនុញ្ញាតឱ្យនាវាទេសចរណ៍របស់អាមេរិកចូលចតនេះ គឺជាគំរូដ៏ប្រពៃនៃសាមគ្គីភាពអន្តរជាតិ។

លោកថេដ យ៉ូហូ (Ted S. Yoho) គឺជាអ្នកផ្តួចផ្តើមបង្កើតសេចក្តីព្រាងច្បាប់ប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០១៩ ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាល។ លោកធ្លាប់បានជំរុញឱ្យរដ្ឋសភា អាមេរិក ដាក់ទណ្ឌកម្មរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ហើយធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និង អាមេរិកនាពេលចុះក្រោយនេះហាក់មិនសូវល្អប្រសើរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា-អាមេរិក
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង