Cct850x100 1
1800px x h300px kh

អាជ្ញាធរខណ្ឌព្រែកព្នៅចុះណែនាំឱ្យពលរដ្ឋរុះរើ«ផ្ទះបណ្ដែតទឹក»ចេញពីដងទន្លេ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សកម្មភាពអាជ្ញាធរចុះផ្សព្វផ្សាយដល់ពលរដ្ឋលើទឹក។  រូបភាព អាជ្ញាធរខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌព្រែកព្នៅ បានដឹកនាំក្រុមការងារទៅ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹក ក្នុងខណ្ឌព្រែកព្នៅ ឱ្យបានត្រៀមលក្ខណៈ និងជ្រាបពីព័ត៌មាននេះ។សកម្មភាពនេះ ធ្វើឡើង ក្រោយពីមានការប្រកាសពីសាលាក្រុងភ្នំពេញ ស្ដីពីការរុះរើសំណង់មិនរៀបរយ ផ្ទះបណ្ដែតទឹក ដែលមានបែចិញ្ចឹមត្រី ។

អាជ្ញាធរខណ្ឌព្រែកព្នៅ បានប្រើឧឃោសនសព្ទ ដើម្បីជូនដំណឹងបន្ថែមឱ្យពលរដ្ឋទាំងអស់ដែលនៅលើទឹក បានដឹង នឹងចូលរួមសហការរុះរើ ស្របតាមសេចក្ដីប្រកាសរបស់សាលាក្រុងដែលបានចេញផ្សាយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែ មិថុនា អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងដល់អ្នកដែលកំពុងរស់នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយខុសច្បាប់ ត្រូវរុះរើឬចល័តចេញ ក្នុងរយៈពេល ១ សប្ដាហ៍ ដោយហេតុប៉ះពាល់បរិស្ថាន និងផ្លូវនាវាចរ។

យោងតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា ការរស់នៅលើទឹកដោយខុសច្បាប់ បង្ករឱ្យមានភាពអាធិបតេយ្យ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី ការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕

Khcct banner

អត្ថបទទាក់ទង