Yearendyearend1140x150

ពលរដ្ឋនៅភ្នំពេញជាង១លាន៦សែននាក់ទទួលការចាក់វ៉ាកសាំងប្រឆាំងកូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលខណ្ឌទាំងបីនេះជាខណ្ឌចុងក្រោយក្នុងចំណោមខណ្ឌក្នុងរាជធានីភ្នំពេញ។ គិតមកដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅភ្នំពេញជាង១លាន៦សែននាក់បានទទួលការចាក់វ៉ាកសាំងប្រឆាំងជំងឺកូវីដ។

ថ្លែងប្រាប់ស៊ីស៊ីថាមស៍ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថាដំណើរការនៃយុទ្ធនាការនៃការចាក់វ៉ាកសាំងប្រឆាំងជំងឺកូវីដជូនប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តម បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់យុទ្ធនាការនៃការចាក់វ៉ាកសាំងនៅខណ្ឌទាំង៣នេះ អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញមិនមានផែនការក្នុងការបន្តយុទ្ធនាការនេះទៀតទេ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា គិតមកដល់ពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញមានចំនួនជាង១លាន៦សែននាក់ ដែលបានទទួលការចាក់វ៉ាកសាំងប្រឆាំងជំងឺកូវីដ។ ហើយជាការគ្រោងទុករបស់អាជ្ញាធរនឹងគ្រោងបញ្ចប់យុទ្ធនាការនៃការចាក់វ៉ាកសាំងនេះ នៅក្នុងអំឡុងចុងខែមិថុនា។

ក្នុងនាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងរាជធានីបង្កើនការយកចិត្តទុកដាក់ និងអញ្ចើញទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ ដែលឱកាសនេះគឺជាឱកាសដ៏ល្អសម្រាប់ពលរដ្ឋការពារនឹងជំងឺកូវីដ។ ឆ្លៀតឱកាសនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងការផ្តល់វ៉ាក់សាំងប្រឆាំងនឹងកូវីដដោយឥតគិតថ្លៃពី ដែលរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកជំនួយ ក៏ដូចជាប្រើប្រាស់ថវិការបស់រដ្ឋ និងថវិកាជំនួយដើម្បីទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង