Yearendyearend1140x150

កំណាត់ទី២នៃផ្លូវជាតិលេខ៣(កំពត-វាលរេញ)គ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ កំណាត់ផ្លូវទី២ប្រវែង២០គីឡូម៉ែត្រ នៃផ្លូវជាតិលេខ៣(កំពត-វាលរេញ)គ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ ខណៈកំណាត់ទី១ប្រវែង ៣៤គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ចូននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ គម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុមានប្រវែងសរុប ៥៤,៣គីឡូម៉ែត្រ ដោយក្នុងនោះត្រូវបែងចែកជាពីរកំណាត់គឺ៖ កំណាត់ទិ១ ចាប់ពីគីឡូម៉ែត្រ១៤៧+១០០ ដល់គីឡូម៉ែត្រ១៨១+0០០ ប្រវែង ៣៤គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ។

កំណាត់ទី២ ចាប់ពីគីឡូម៉ែត្រ១៨១+000 ដល់គីឡូម៉ែត្រ២០១+៤00 ប្រវែង ២០គីឡូម៉ែត្រ ត្រូវធ្វើការ ជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកកម្ពស់តួថ្នល់ចំនួន ៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួថ្នល់ និង ការពារជំនន់ទឹកភ្លៀងហូរកាត់នៅរដូវវស្សា អនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd។

ដោយឡែកកំណាត់ទី២ ប្រវែង ២០គីឡូម៉ែត្រ លើផ្លូវប្រវែងសរុប៥៤,៣គីឡូម៉ែត្រនេះ ក៏ស្ទើរតែរួចរាល់ផងដែរ និងបានឈានដល់ដំណាក់កាលចាប់ផ្តើមអ៊ុតបេតុងកៅស៊ូ (AC) បញ្ចប់ ប៉ុន្តែដោយសារគ្រោះទឹកជំនន់កាល ពីឆ្នាំ២០១៩ បានធ្វើឱ្យកំណាត់ផ្លូវនេះត្រូវបានបំផ្លាញទាំងស្រុង។ ផ្នែកនេះរងគ្រោះខ្លាំងជាងគេដោយហេតុថា ភូមិសាស្រ្តតំបន់នេះទាបជាងគេ និងមានស្រទាប់ដីខាងក្រោមជ្រាយខ្លាំង (Soft Soil) ដែលមិន អាចទ្រទ្រង់នឹងកម្លាំងទឹកជំនន់បានទេ។

ដោយយោងទៅលើស្ថានភាពរងការខូចខាតខាងលើ ក្រសួងបានអនុញ្ញាតក្រុមហ៊ុនជំនាញធ្វើការសិក្សា ឡើងវិញទៅលើកំណាត់ផ្លូវ២០គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ និងស្វែងរកកញ្ចប់ថវិកាប្រមាណ ៦០លានដុល្លាដើម្បីសាងសង់តាមស្តង់ដារ និងរឹងមាំបានយូរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការផ្តាំផ្ញើទៅក្រុមហ៊ុនសាងសង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យធ្វើការយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពនៃការស្ថាបនាផ្លូវ និងផ្តាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូនឱ្យគោរពច្បាប់ចរាចរណ៍កុំបើកបរលើសល្បឿន ឬដឹកលើសទម្ងន់ដែលជាកត្តាបង្កឱ្យមានការខូចខាតផ្លូវមុនអាយុកាល គ្រោះថ្នាក់ចរាចរណ៍នាំឱ្យបាត់បង់អាយុជីវិត និងបាត់បង់ថវិកាជាតិផងដែរ៕

ការសាងសង់កំណាត់ផ្លូវជាតិលេខ៣(កំពត-វាលរេញ) រូបភាព៖ CNC


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង