Cct850x100 1
1800px x h300px kh

រដ្ឋបាលខេត្តកណ្តាលឱ្យពលរដ្ឋអត់ធ្មត់ ក្រោយ​ប៉ះទង្គិចគ្នាឈានដល់ការផ្ទុះអាវុធនៅអង្គស្នួល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖រដ្ឋបាលខេត្តកណ្តាល នៅយប់ថ្ងៃទី ៣ មិថុនានេះ បានចេញនូវសេចក្តីជូនដំណឹងពាក់ព័ន្ធការប្រមូលផ្តុំគ្នាតវ៉ារបស់ប្រជាពលរដ្ឋឈានដល់ការបិទផ្លូវជាតិលេខ៥១រហូតមានការប៉ះទង្គិចគ្នាឈានដល់ការផ្ទុះអាវុធ និងមានប្រជាពលរដ្ឋរបួស។ក្នុងសេចក្តី​ជូន​ដំណឹងនោះ រដ្ឋបាលខេត្តកណ្តាលបានអំពាវនាវដល់ប្រជាពលរដ្ឋបើកផ្លូវឱ្យមានការធ្វើចរចារណ៍ជាធម្មតាឡើងវិញ និងសូម មានការអត់ធ្មត់ ចូលរួមការសម្របសម្រួលដោះស្រាយ ជាមួយអាជ្ញាធរមានសមត្ថកិច្ច។

យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តកណ្តាលបានពន្យល់ថា ដីចម្ការបារាំងជាដីរដ្ឋរាជរដ្ឋាភិបាលគ្រោងរៀបចំមួយផ្នែក សម្រាប់ប្រើប្រាស់ជាប្រយោជន៍វិស័យការពារជាតិ និងមួយផ្នែកទៀត ប្រើប្រាស់សម្រាប់វិស័យបរិស្ថាន ជាទីតាំងសម្រាប់ទុកដាក់សំរាម និងសំណល់រឹងចុងក្រោយកម្រិត តំបន់ (Regional Landfill)។ ទន្ទឹមនេះ ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់កំពុងខិតខំសិក្សាស្រាវជ្រាវ ដើម្បីឈានដល់ការដោះស្រាយ គោលនយោបាយជូនបងប្អូនប្រជាពលរដ្ឋ ដែលបាន អាស្រ័យផលពិតប្រាកដក្នុងរង្វង់ដីចំការបារាំងទំហំប្រមាណ ២៨០ ហិកតា ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

រដ្ឋបាលខេត្ត ស្នើដល់ប្រជាពលរដ្ឋ បើកផ្លូវឱ្យមានការធ្វើចរចារណ៍ជាធម្មតាឡើងវិញ និងសូមមានការអត់ធ្មត់ ចូលរួមការសម្របសម្រួលដោះស្រាយ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារគណៈកម្មការ អន្តរក្រសួងដោះស្រាយផលប៉ះពាល់។ ករណីមិនគោរពតាមការណែនាំនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់ វិធានការតាមផ្លូវច្បាប់ជាធរមាន។

គួរបញ្ជាក់ថា នៅថ្ងៃទី៣ មិថុនានេះ មានវីដេអូមួយត្រូវបានគេចែកចាយបង្ហាញពីការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងស្រុកអង្គស្នួលរហូតដល់ឈានដល់ការផ្ទុះអាវុធ ហើយប្រជាពលរដ្ឋមួយចំនួនរងរបួសដោយសារគ្រាប់កាំងភ្លើងរបស់អាជ្ញាធរ។តែរហូតមកដល់ម៉ោងនេះមិនទាន់មានការបង្ហាញរបាយការណ៍ជាក់លាក់ណាមួយពីចំនួនពលរដ្ឋរងគ្រោះនោះទេ៕



ពាក្យទាក់ទង: អង្គស្នួល
Khcct banner

អត្ថបទទាក់ទង