Cct850x100 1
1800px x h300px kh

រដ្ឋសភាកម្ពុជានិងវៀតណាមប្តេជ្ញាសហការស្តារសេដ្ឋកិច្ចប្រទេសទំាងពីរក្រោយពីកូវីដ-១៩

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
កិច្ចពិភាក្សានៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋសភាវៀតណាម។

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា បានជួបសន្ទនាការងារជាមួយ ឯកឧត្តម វឿង ឌីញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងកិច្ចពិភាក្សា«សន្យាបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទសទំាងពីរក្រោយពីកូវីដ-១៩» នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភាកម្ពុជា ទៅកាន់រដ្ឋសភាវៀតណាម។

នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំសភាបប្រទេសទំាងពីរវាយតម្លៃខ្ពស់ពោះសមិទ្ធផលជាច្រើននៅគ្រប់វិស័យ ដែលប្រទេសទំាងពីរសម្រេចបានទំាងនៅស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ក្រោយកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនិងមិត្តភាព ដែលមានតំាងពីយូរមកហើយនោះ។

សម្តេច ហេង សំរិន បានលើកឡើងថា មិត្តភាព សាមគ្កីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ដោយសារមរតកនៃមិត្តភាពយូរអង្វែងនេះហើយ បានធ្វើឱ្យកិច្ចសហប្រតិបត្តិការស្ទើគ្រប់វិស័យ ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តកើនឡើងខ្ពស់នៅដើមឆ្នាំ២០២១នេះ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី ។

សម្តេចបានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជានិងវៀតណាម បានរួមគ្នាកសាងនូវសមិទ្ធផលជាច្រើន ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។ ជាមួយគ្នានេះរដ្ឋសភាទាំងពីរប្រទេសបានរក្សា និងអនុវត្តស្មារតីកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ និងបានធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះជាបន្តបន្ទាប់ សំដៅឱ្យកិច្ចសហប្រតិបត្តិការវិស័យការទូតសភានៃប្រទេសទាំងពីរ ឆ្លើយតបទៅនឹងការវិវឌ្ឍនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងសមស្រប តាមបរិបទសកលថែមទៀតផង។

ឯកឧត្តម វឿង ឌីញ ហ្វេ បានគំាទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាដែលថា សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលសម្រាប់ប្រជាជាតិទាំងសងខាង។ ឯកឧត្តមបានសន្យាថា នៅក្នុងអាណត្តិជាប្រធានរដ្ឋសភា ដែលទើបទទួលបានការគំាទ្រពីបក្សនិងរដ្ឋវៀតណាម ឯកឧត្តមនឹងខិតខំពង្រឹងពង្រីកចំណងមិត្តភាពប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើងដើម្បីស្តារសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រទេសទំាងពីរឲ្យកាន់តែរីកចម្រើនឡើង នៅក្រោយពីវិបត្តិកូវីដ១៩បានបញ្ចប់ទៅ។

ឆ្លៀតឱកាសនោះ សម្តេច ហេង សំរិន បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាមដែលបានផ្តល់ជំនួយថវិកាប្រមាណ ២៥លានដុល្លារ ដល់រដ្ឋសភាកម្ពុជាក្នុងកសាងអគាររដ្ឋបាល ដែលមកដល់ពេលនេះគម្រោងបានកំពុងដំណើរការសិក្សាលើការងារបច្ចេកទេស។ នៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយនឹងរៀបចំពិធីបើកការដ្ឋានសាងសង់ ដែលនៅពេលនោះរដ្ឋសភាកម្ពុជានឹងគោរពអញ្ជើញថ្នាក់ដឹកនាំប្រទេសវៀតណាមមកចូលរួមផងដែរ៕


Khcct banner

អត្ថបទទាក់ទង