Cct850x100 1
1800px x h300px kh

តំបន់មួយចំនួននៅភ្នំពេញផ្តើមផ្ទុះកូវីដ១៩សារជាថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ខណ្ឌមួយចំនួននៅក្នុងរាជធានីភ្នំពេញកំពុងប្រឈមនឹងការបិទខ្ទប់ផ្នែកខ្លះនៃខណ្ឌរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ជាថ្មីឡើងវិញ។ តំបន់ដែលផ្ទុះឡើងវិញនូវជំងឺកូវីដ១៩ជាថ្មីនេះ មានមួយផ្នែកខ្លះនៃខណ្ឌសែនសុខ ខណ្ឌឬស្សីកែវ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យជាដើម ។

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៦ ឧសភា ២០២១ មានកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង(Video Conference)ជាមួយអភិបាលខណ្ឌទាំង១៤នៅសាលារាជធានីភ្នំពេញ ខណៈដែលខណ្ឌមួយចំនួនកំពុងប្រឈមនឹងការបិទខ្ទប់ផ្នែកខ្លះនៃខណ្ឌរបស់ខ្លួនពាក់ព័ន្ធនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩។

ឯកឧត្តមបានឱ្យដឹងថា តំបន់ដែលផ្ទុះឡើងវិញនូវជំងឺកូវីដ១៩ជាថ្មីនេះ ស្ថិតនៅផ្នែកខ្លះនៃខណ្ឌសែន សុខ នៅសហគមន៍AB ភូមិផ្សារតូចក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅភូមិឬស្សី ឬស្សីទី២ ឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២និសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យជាដើម។

ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឲ្យអាជ្ញាធរខណ្ឌដែលមានមូលដ្ឋានរបស់ខ្លួនមានតំបន់បិទខ្ទប់(តំបន់លឿងទុំ) និងមានផ្សារត្រូវអនុវត្តការងារលើកិច្ចការពារឲ្យបានហ្មត់ចត់បំផុត ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ពីតំបន់មួយទៅតំបន់មួយទៀត ខណៈដែលពេលនេះមានខណ្ឌមួយចំនួនបាន ផ្ទុះឡើងនូវជម្ងឺកូវីដ-១៩នេះ ជាថ្មីឡើងវិញ។

ក្រៅពីបញ្ហាដែលបានលើកឡើងខាងលើ ឯ ឧ ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវចុះពិនិត្យ ស្ថានភាពនៅតាមផ្សារនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ និងធ្វើរបាយការណ៍ពីវឌ្ឍនភាពផ្សារនីមួយៗ ជាប្រចាំផងដែរ។

បន្ថែមពីនេះ ឯកឧត្តមក៏បានជំរុញឱ្យពង្រឹងការរៀបចំសណ្តាប់ធ្នាប់ របៀបរាបរយនៅតាមទីផ្សារឱ្យបានល្អប្រសើរផងដែរ ដោយបច្ចុប្បន្ននេះ កូវីដ១៩ភាគច្រើន ផ្ទុះឡើងវិញនៅតំបន់មិនរៀបរយតែប៉ុណ្ណោះ។

ក្រៅពីនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ឧសភានេះ បានចេញសារក្រើនរំលឹកដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ត្រូវមានការការពារជាប្រចាំចំពោះជំងឺកូវីដ-១ឥ ខណៈដែលជំងឺនេះកំពុងតែចរាចរយ៉ាងទូលំទូលាយនៅក្នុងប្រទេស ហើយលទ្ធភាពពីការបិទខ្ទប់នឹងវិលត្រឡប់មកវិញនៅថ្ងៃណាមួយឡើងវិញជាមិនខានឡើយ បើពលរដ្ឋមិនចូលរួម៕

Khcct banner

អត្ថបទទាក់ទង