Cct850x100 1
1800px x h300px kh

អាជីវកម្មទេសចរណ៍ជាង៩០ភាគរយនៅបន្តបិទទ្វារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបតំណាងអាជីវកម្មទេសចរណ៍នៅសៀមរាប

ភ្នំពេញ៖ នៅតាមតំបន់ទេសចរណ៍ធំៗដូចជាខេត្តសៀមរាប មានអាជីវកម្មទេសចរណ៍ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ជាង៩០ភាគរយនៅតែបន្តបិទ បើទោះបីជារាជរដ្ឋាភិបាលសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ និង បញ្ចប់ការបិទរមណីយដ្ឋានទូទាំងប្រទេសក៏ដោយ។ នេះបើតាមការលើកឡើងរបស់លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

លោក តុប សុភ័ក្រ បានលើកឡើងថា នៅទូទាំងប្រទេសកម្ពុជា អាជីវកម្មក្នុងក្របខ័ណ្ឌប្រមាណជា ៣០ភាគរយត្រូវបានបិទផ្អាក រីឯខេត្តមួយចំនួនដែលជាខេត្តគោលដៅទេសចរណ៍ធំៗដូចជាខេត្តសៀមរាបជាដើម គឺនៅតែបន្តបិទស្ទើរតែទាំងស្រុងដូចគ្នា ដោយសារបញ្ហាចម្បងតែមួយគត់គឺបញ្ហាកូវីដ១៩។

លោកបន្តថា មកដល់បច្ចុប្បន្ននេះ បើទោះបីជារាជរដ្ឋាភិបាលសម្រេចបញ្ចប់ការហាមឃាត់ធ្វើដំណើរ ក៏សកម្មភាពទេសចរណ៍ និងអាជីវកម្មទេសចរណ៍នានានៅកម្ពុជា ពុំទាន់បើកឡើងវិញទាំងស្រុងដែរ គឺនៅមានចំនួនតិចតួចនៅឡើយទេដែលបានបើកអាជីវកម្មឡើងវិញ ពីព្រោះភ្ញៀវទេសចរ និងអាជីវករកំពុងរងចាំឱ្យស្ថានភាពកូវីដ១៩មានសភាពស្ងប់ស្រួលជាងនេះជាមុនសិន។

ទន្ទឹមនឹងនេះ លោកបន្ថែមថា ភ្ញៀវជាតិ និងភ្ញៀវបរទេសផ្ទៃក្នុងមួយចំនួន(ក្នុងស្រុក)បានចេញដើរកម្សាន្តតាមគោលដៅទេសចរណ៍នានានៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប៉ុន្តែចំនួននៃការចេញដើរលេងនេះមិនទាន់មានចំនួនច្រើនគួរឱ្យកត់សម្គាល់នៅឡើយទេ បើតាមការពិនិត្យមើល គឺមានតែប្រជាពលរដ្ឋនៅក្នុងតំបន់តែប៉ុណ្ណោះដែលបានចេញដើរលេងច្រើនជាងប្រជាពលរដ្ឋធ្វើដំណើរពីភ្នំពេញទៅ។

លោកក៏បានបង្ហាញថា នៅចុងសប្តាហ៍ទីបីនៃខែឧសភា ចាប់ពីថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៥២,៨៩១ នាក់ កើនឡើង ៦.១១% ធៀបនឹងចុងសប្តាហ៍កន្លងទៅ ក្នុងនោះមានភ្ញៀវជាតិ ៥២,២៤៧ នាក់ កើនឡើង ៥.៨៤% និងភ្ញៀវបរទេសផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង ១៣.៧៨%។

លោកបន្តថា ចំពោះភ្ញៀវទេសចរបរទេសដែលពីក្រៅប្រទេសគឺមានតិចតួចបំផុត ហើយមកកម្ពុជាក្នុងគោលបំណងជាការធ្វើអាជីវកម្ម និងមានកាតព្វកិច្ចធុរកិច្ចផ្សេងៗ ដោយឡែកភ្ញៀវអន្តរជាតិដែលមានបំណងដើរកម្សាន្តជាសកល គឺរាជរដ្ឋាភិបាលកម្ពុជាពុំទាន់អនុញ្ញាតឱ្យបើកទិដ្ឋការនៅឡើយទេ។

ទោះជាយ៉ាងណា ក៏ក្រសួងទេសចរណ៍កំពុងតែពិចារណាធ្វើការជាមួយក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធតាមការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ដើម្បីតាមដាន និងពិនិត្យលើកិច្ចការដែលគ្រោងនឹងទទួលទេសចរដែលចាក់វ៉ាក់សាំងរួចនៅត្រីមាសទី៤ ឆ្នាំ២០២១នេះ៕

Khcct banner

អត្ថបទទាក់ទង