Yearendyearend1140x150

ពលរដ្ឋ១៧១គ្រួសារក្នុង«គម្រោងព្រលានយន្តហោះភ្នំពេញថ្មី»ទទួលបានដីនិងផ្ទះពីក្រុមហ៊ុនវិនិ​យោគ​ព្រលាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន ខេមបូឌា អ៊ែផត អ៊ីវេសមិន ខូអិលធីឌី (CAIC) ប្រគល់ប្លង់កម្មសិទ្ធិដីជូនពលរដ្ឋ នៅថ្ងៃទី ២១ ឧសភា ឆ្នាំ២០២១។ 

កណ្តាល៖ប្រជាពលរដ្ឋចំនួន១៧១គ្រួសាររស់នៅក្នុងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅថ្ងៃទី ២១ ឧសភានេះបានទទួលដី និង ផ្ទះរៀបចំឡើងដោយរាជរដ្ឋាភិបាល និងមានការគាំទ្រឧបត្ថម្ភសាងសង់ពី ក្រុមហ៊ុន ខេមបូឌា អ៊ែផត អ៊ីវេសមិន ខូអិលធីឌី (CAIC)។

លំនៅឋានប្រគល់ជូនប្រជាពលរដ្ឋនៅថ្ងៃនេះ មានទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ដោយផ្នែកខាងមុខផ្ទះមានក្រាលដោយការ៉ូឡាមានប្រវែងជាង៥ម៉ែត្រ តួផ្ទះមានទទឹង៥ ម៉ែត្រ និងបណ្តោយ៨ម៉ែត្រ ជាប្រភេទផ្ទះល្វែង ហើយនៅខាងក្រោយផ្ទះប្រវែង៦.៥ម៉ែត្រ សម្រាប់ទុកឱ្យពលរដ្ឋដាំដំណាំផ្សេងៗ។ក្នុងផ្ទះនីមួយៗមានបន្ទប់ទឹកមួយ និង មានកម្ពល់ជញ្ជាំងរៀបឥដ្ឋបូក លាបថ្នាំ និងដំបូលរោងប្រក់ស័ង្កសី។ក្នុងគម្រោងទាំងមូលបំពាក់ដោយប្រព័ន្ធស្អាតភ្លើរដ្ឋរៀបចំឡើងដោយអាជ្ញាធរមូលដ្ឋាន។

ថ្លែងក្នុងពិធីប្រគល់លំនៅដ្ឋានជូនដល់ប្រជាពលរដ្ឋទាំង១៧១គ្រួសារ លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន ខេមបូឌា អ៊ែផត អ៊ីវេសមិន ខូអិលធីឌី (CAIC) បានគូសបញ្ជាក់ថា គម្រោងលំនៅដ្ឋាននេះក្រុមហ៊ុនចំណាយថវិកាសាងសង់អស់សរុបចំនួបប្រមាណ ១.២៥ លានដុល្លារដោយមិនគិតថ្លៃដី ហើយប្រើរយៈពេលសាងសង់១២ខែ។លោកឧកញ៉ា បានចាត់ទុកការចូលរួមរបស់ប្រជាពលរដ្ឋនៅពេលនេះ គឺជាផ្នែកមួយក្នុងការដោះស្រាយផលប៉ះពាល់នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលជាគម្រោងសំណង់នៃមោទនភាពជាតិ។

គួរបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់លើផ្ទៃដីទំហំ២៦០០ហិចតាស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ មានចម្ងាយប្រមាណ២២គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង ប្រមាណ១០គីឡូម៉ែត្រពីក្រុងតាខ្មៅខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងថា គម្រោងនេះនឹងធ្វើសមាហរណកម្មជាមួយនឹងប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅសម្រាប់អភិវឌ្ឍ និងអភិរក្សប្រកបដោយចីរភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ឯកឧត្តមរំពឹងថា គម្រោងព្រលានយន្តហោះថ្មីនេះនឹងជួយបម្រើដល់ការនាំចេញផលិតផលនានារបស់កម្ពុជាទីកាន់ទីផ្សារអន្តរជាតិ សម្រាប់ទទួលអ្នកដំណើរពីប្រទេសនានាមកបំពេញការងារ និង វិនិយោគផ្សេងៗ។

ជាការកត់សម្គាល់ សម្រាប់ប្រជាពលរដ្ឋមានកម្មសិទ្ធិលើដីក្នុងទីតាំងគម្រោងព្រលានយន្តហោះថ្មី រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន និងមានអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ខេមបូឌា អ៊ែផត អ៊ីវេសមិន ខូអិលធីឌី (CAIC) នឹងបន្តខិតដោះស្រាយជូនប្រជាពលរដ្ឋរហូតដល់ការសាងសង់ព្រលានយន្តហោះថ្មីនេះបញ្ចប់ជាស្ថាពរ ដើម្បីបម្រើជាប្រយោជន៍ជូនជាតិមាតុភូមិកម្ពុជាទាំងមូល។

យោងតាមរបាយការណ៍របស់អាកាសចរណ៍ស៊ីវិលកម្ពុជាដែលផ្តល់ជូនសារព័ត៌មានស៊ីស៊ីថាមស៍ គិតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណជាង ២០ភាគរយ ហើយដំណើរការសាងសង់កំពុងតែមមាញឹកមិនមានការរាំងស្ទះដោយសារកូវីដ-១៩នោះឡើយ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង