Yearendyearend1140x150

កំពង់ចាម៖ រោងចក្រ០៤មានកម្មករប្រមាណ២ម៉ឺននាក់កំពុងប្រឈមនឹងជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភព និងរូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម

កំពង់ចាម៖ បច្ចុប្បន្នមានរោងចក្រ០៤ មានកម្មករប្រមាណ២ម៉ឺននាក់ កំពុងតែប្រឈមនឹងការចម្លងជំងឺកូវីដ១៩ ដោយសាររោងចក្រជាកន្លែងជួបជុំ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការរៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកជើងព្រៃ និងស្រុកបាធាយ និងស្ថានភាពនៃការផ្អាកសកម្មភាពផលិតកម្មរបស់រោងចក្រនៅរោងចក្រ ជូ ហួយ ហ៊្វូតវែ និងរោងចក្រ ខា លីនតុន (ខាមបូឌា) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែងការព្រួយបារម្ភ និងបានជំរុញឲ្យរដ្ឋបាលស្រុកពាក់ព័ន្ធ ត្រូវខិតខំពន្លឿនការរៀបចំពង្រីកមណ្ឌលចត្តាឡីស័កបន្ថែមពីអ្វីដែលមាន ខណៈដែលខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកម្មករ-កម្មការនីរោងចក្រ ចំនួន០៤ នៅស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកំពង់សៀម បានឆ្លងវីរុសកូវីដ-១៩។

ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ថាបច្ចុប្បន្នមានរោងចក្រចំនួន ០៤ មានកម្មករសរុបប្រមាណជា ២ម៉ឺននាក់ កំពុងតែប្រឈមនឹងការចម្លងជំងឺកូវីដ១៩នេះ ដោយសាររោងចក្រជាកន្លែងជួបជុំ ហើយក៏ជាប្រភពឆ្លងជំងឺងឺកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។

ជាក់ស្ដែង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ បន្ថែម ដែលធ្វើឲ្យតួលេខអ្នកជំងឺកូវីដ-១៩ ខេត្តកំពង់ចាមកើនឡើងដល់៣០៧នាក់។ ហើយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកវិជ្ជមានកូវីដ-១៩ បន្ថែមទៀត៕

ប្រភព និងរូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម
ប្រភព និងរូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង