Yearendyearend1140x150

អង្គការអ៊ីស្លាមថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រជាជនប៉ាឡេស្ទីន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អន្តរជាតិ៖ អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) នៅក្នុងកិច្ចប្រជុំបន្ទាន់របស់រដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃអាទិត្យ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រជាជនប៉ាឡេស្ទីន និងបានជំរុញសហគមន៍អន្តរជាតិឱ្យបញ្ឈប់ប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបជាបន្ទាន់។

ប្រធានអង្គការសហប្រតិបត្តិការអ៊ីស្លាមលោក Yousef bin Ahmed Al-Othaimeen បានអំពាវនាវឱ្យ ចាត់វិធានការនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មហាសន្និបាតអង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសិទ្ធិមនុស្សសហរដ្ឋអាមេរិកនិងតុលាការអន្តរជាតិ ប្រឆាំងនឹងអ្វីដែលលោកបានហៅថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើជនជាតិអារ៉ាប់ម៉ូស្លីមនិងប្រជាជនសេរីទាំងអស់នៅលើពិភពលោក ។

លោកបានបញ្ជាក់ពីសាមគ្គីភាពរបស់អង្គការសហប្រតិបត្តិការអ៊ីស្លាម ជាមួយប្រជាជនប៉ាឡេស្ទីននិងការបង្កើតរដ្ឋរបស់ពួកគេនៅលើព្រំដែនឆ្នាំ ១៩៦៧ ជាមួយក្រុង Jerusalem ខាងកើតដែលជារដ្ឋធានីរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីនលោក Riyad Al-Maliki បានទទូចដល់រដ្ឋមន្រ្តីការបរទេស OIC ដើម្បីប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែលនិងការកើនឡើងនូវអំពើហឹង្សាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។

បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានរាយការណ៍ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមការស្នើសុំរបស់អារ៉ាប៊ីសាអូឌីត។ លោករដ្ឋមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតលោក Faisal bin Farhan bin Abdullah ដែលធ្វើជាអធិបតីនៃកិច្ចប្រជុំបានគូសបញ្ជាក់ ពីការរំលោភជាក់ស្តែងរបស់អ៊ីស្រាអែលទៅលើភាពបរិសុទ្ធនៃទីសក្ការៈបូជាអ៊ីស្លាម ការវាយប្រហារទៅលើអ្នកគោរពបូជាប៉ាឡេស្ទីន និងជនស៊ីវិល ក៏ដូចជាការរំលោភលើរាល់ដំណោះស្រាយអន្តរជាតិនានា។

លោកបានបញ្ជាក់ថា ការបដិសេធរបស់អារ៉ាប់ប៊ីសាអូឌីតចំពោះផែនការឬវិធានការណ៍របស់អ៊ីស្រាអែល ដែលមានចេតនាក្នុងការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីលំនៅដ្ឋានរបស់ពួកគេនៅទីក្រុងJerusalem ខាងកើត ដោយប្រើកម្លាំងបង្ខំនិងចាត់វិធានការយោធា លើជនស៊ីវិលរួមទាំង កុមារនិងស្ត្រីផងដែរ។

អ្នកការទូតកំពូលរបស់អារ៉ាប៊ីសាអ៊ូឌីត បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យចាត់វិធានការបន្ទាន់ដើម្បីបញ្ឈប់ប្រតិបត្តិការយោធា នាំយកជំនួយព្យាបាលអ្នករងរបួស និងធ្វើការដើម្បីធ្វើឱ្យមានការចរចាឡើងវិញ ដោយផ្អែកលើការប្រកាន់ខ្ជាប់នូវសន្តិភាពដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋទាំងពីរស្របតាមច្បាប់អន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង