Yearendyearend1140x150
Img 0571

លោកអភិបាលរាជធានីភ្នំពេញឱ្យពលរដ្ឋដែលមានឈ្មោះសូមទៅទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យពលរដ្ឋដែលមានឈ្មោះសូមទៅទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ដែលមានឈ្មោះក្នុងបញ្ជីដែលអាជ្ញាធរបានកំណត់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនូវ«យុទ្ធនាការនៃការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩» ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដោយជ្រើសរើសទីតាំងភូមិសាស្រ្តតំបន់ក្រហម។ ឆ្លើយតបនឹងសេចក្ដីប្រកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចយកទីតាំងចំនួន ០៤ខណ្ឌគឺ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌទួលសែនជ័យ និងខណ្ឌកំបូល។ ថ្វីត្បិតខណ្ឌខ្លះមិនមែនជាតំបន់ក្រហម តែមានចំណុចក្រហមជាទីតាំងដែលបងប្អូនជាកម្មករ-កម្មការិនីធ្វើការរោងចក្រកំពុងស្នាក់នៅផងដែរ។

បើតាមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងសម្រាប់បងប្អូននៅ«តំបន់ក្រហម»នៅរាជធានីភ្នំពេញ នេះ គឺកំពុងដំណើរការជិតចប់ជាស្ថាពរហើយ ជាក់ស្ដែងនៅខណ្ឌដង្កោ ប្រជាពលរដ្ឋបានទៅទទួលចាក់វ៉ាក់សាំងការពារកូវីដ ចប់ជាស្ថាពរហើយ។ ដោយឡែកខណ្ឌឯទៀត ដែលរដ្ឋបាលរាជធានី បានកំណត់ឱ្យចាក់ខាងលើនោះ កំពុងជិតបញ្ចប់ជាបន្តបន្ទាប់»។

ក្រោយមកទៀត អាជ្ញាធររាជធានីភ្នំពេញ ក៏បានកំណត់ខណ្ឌដែលមានចំណុចក្រហមចំនួន ២ទៀត គឺខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ ដែលផ្ដល់ភារកិច្ចដល់ក្រុមគ្រូពេទ្យយោធា ទទួលខុសត្រូវចាក់វ៉ាក់សាំងបង្ការកូវីដជូនដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីនៅតំបន់ទាំងពីរនោះ។ ដោយឡែក នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ទើបតែទទួលបានវ៉ាក់សាំងពីសាធារណរដ្ឋប្រជាមានិតចិន ហើយយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ នៅតែបន្តចាក់ជូនដល់ប្រជាជនដែលរស់នៅ«ខណ្ឌបឹងកេងកង» និង«ខណ្ឌសែនសុខ» ទៀត ព្រោះខណ្ឌទាំងពីរនេះ ជាតំបន់ជាប់ព្រំប្រទល់ខណ្ឌតំបន់ក្រហម។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងមានការផ្ដល់ជូនដល់ពលរដ្ឋជាបន្តបន្ទាប់ទៀតជូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានគ្រប់ៗគ្នា ដែលរស់នៅរាជធានីភ្នំពេញ។ឯកឧត្តម សូមពលរដ្ឋទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមកុំមានការព្រួយបារម្ភថា មិនមានឱកាសបានចាក់វ៉ាក់សាំងការពារកូវីដឡើយ ព្រោះក្រោមការសន្តោសប្រណី និងការយកចិត្តទុកដាក់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលសម្ដេចមានប្រសាសន៍ថា កម្ពុជានឹងគ្រោងនឹងចាក់វ៉ាក់សាំងបង្ការកូវីដ ជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានជាង ១០លាននាក់។

ជាថ្មីម្ដងទៀត លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ដែលមានឈ្មោះបញ្ជី កំណត់ឱ្យមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ សូមចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីទៅចាក់វ៉ាក់សាំងឱ្យគ្រប់ៗគ្នា ដោយមិនភ្លេចអនុវត្តនូវវិធានការការពារជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពក្នុងការចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នា។

សូមបញ្ជាក់ថា តែទោះបីជាបានទទួលចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ អាជ្ញាធរ សូមក្រើនរំលឹកដល់ពលរដ្ឋទាំងអស់គ្នា នៅតែបន្តអនុវត្តវិធានការសុខាភិបាលដដែល យកចិត្តទុកដាក់ដោយមិនធ្វេសប្រហែសឡើយ សូមពាក់ម៉ាស់ រក្សាគម្លាតពីគ្នា និងឧស្សាហ៍លាងដៃ ឬអាល់កុល៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង