Yearendyearend1140x150
Img 0571

ទូតអាមេរិក៖កម្ពុជានឹងចម្រើនផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម បើវិលទៅរកផ្លូវប្រជាធិបតេយ្យបានត្រឹមត្រូវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/
លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា។

ភ្នំពេញ៖ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជានឹងរីកចម្រើនផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែខ្លាំងបន្ថែមទៀត បើសិនកម្ពុជាវិលទៅដើរលើផ្លូវប្រជាធិបតេយ្យបានត្រឹមត្រូវឡើងវិញ។លោកW.Patrick Murphy អះអាងដូច្នេះជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតដែលសួរលោកអំពីផលប៉ះពាល់លើទំនាក់ទំនងកម្ពុជានិងអាមេរិកដោយសាររឿងក្តីលោកកឹម សុខា។

នៅក្នុងសន្និសិទស្តីពីឱកាសធុរកិច្ចវិស័យកសិកម្មនៅកម្ពុជាដែលធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៦ ខែកុម្ភៈនេះនៅសណ្ឋាគារRosewood ក្នុងអាគារវឌ្ឍនៈរាជធានីភ្នំពេញ លោកW.Patrick Murphy បានលើកឡើងថា ការកាត់ក្តីក្នុងសំណុំរឿងលោកកឹម សុខា គឺសហគមន៍អន្តរជាតិបានសម្តែងនូវក្តីកង្វល់យ៉ាងខ្លាំងរួចហើយជាពិសេសទាក់ទងនឹងនីតិរដ្ឋ ប្រជាធិបតេយ្យ ដោយសារការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ហើយអ្វីដែលគេមានកង្វល់ គឺរឿងរដ្ឋធម្មនុញ្ញរបស់កម្ពុជា និង ការអនុវត្តសិទ្ធមនុស្សជាដើម។

លោកបន្ថែមទៀតថា លោកចង់ឱ្យប្រទេសកម្ពុជាវិលទៅរកប្រជាធិបតេយ្យដែលល្អដែលមានអង្គការសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយហើយមានការតាមដាននិងស្តាប់ គឺទាំងអស់នេះហើយដែលនាំឱ្យមានភាពរីកចំរើនផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សន្និសិទស្តីពីឱកាសធុរកិច្ចវិស័យកសិកម្មនៅកម្ពុជាធ្វើឡើង២ថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍នេះ និងថ្ងៃសុក្រស្អែក។ សន្និសិទនេះ មានការចូលរួមពីតំណាងក្រុមហ៊ុនធំៗរបស់អាមេរិកចំនួន១៦ក្រុមហ៊ុន រួមមានដូចជា Walmart, Amazon ,IBM និងក្រុមហ៊ុនJonh Deerជាដើម។ ចំណែក ខាងរដ្ឋាភិបាលកម្ពុជាវិញ គឺមានការចូលរួមពីលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង