Yearendyearend1140x150

លោកជំទាវ ឱ វណ្ណឌីន៖ កម្ពុជាមិនទាន់មានការចរាចរ«វីរុសបំប្លែងថ្មីមកពីឥណ្ឌា»ទេ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី ១១ ឧសភានេះ បានអះអាងថា បច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានការចរាចរវីរុសកូវីដ១៩បំប្លែងថ្មីមានប្រភពមកពីឥណ្ឌាទេ។ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា កម្ពុជាក៏ទើបរកឃើញវត្ដមានវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីដែលមានប្រភពមកពីប្រទេសឥណ្ឌា ដែលមានប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍នៅមុននេះបន្ទិចថា កាលពីចុងខែមេសា ក្រុមគ្រូពេទ្យកម្ពុជាបានរកឃើញករណីវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា (B.1.617) លើកអ្នកដំណើរម្នាក់ដែលបានចូលមកប្រទេសកម្ពុជា ហើយបច្ចុប្បន្នអ្នកជំងឺនោះបានជាងសះស្បើយហើយ។

បើតាមលោកជំទាវ ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា "គេរកឃើញលើអ្នកដំណើរដែលចូលមកប្រទេសកម្ពុជាតាំងពីចុងខែមេសាមក ហើយអ្នកជំងឺបានជាសះស្បើយហើយ បច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានការចរាចរវីរុសកូវីដ១៩បំប្លែងថ្មីមានប្រភពមកពីឥណ្ឌាទេ។"

គួរបញ្ជាក់ថា វីរុសកូវីដ១៩បំប្លែងខ្លួនថ្មី(B1617) ឥណ្ឌា បានឆ្លងដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ និងបានសម្លាប់អ្នកជំងឺរាប់ពាន់នាក់ក្នុងមួយថ្ងៃៗនៅប្រទេសឥណ្ឌា។ប្រទេសជិតខាងកម្ពុជាមាន ថៃបានប្រកាសពីរកឃើញអ្នកឆ្លងវីរុសប្រភេទថ្មីនេះជាលើកដំបូងលើស្រ្តីមានផ្ទៃពោះម្នាក់ដែលបានធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន ខណៈវៀតណាម​ក៏ទើបរកឃើញវត្ដមានវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មីមានប្រភពមកពីប្រទេសឥណ្ឌានេះផងដែរ.

កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានដាក់ការហាមឃាត់មិនកំណត់ពេលវេលាណាមួយលើការនាំចូលសាច់បង្កក និងទំនិញបង្កកផ្សេងៗទៀតមកពីប្រទេសឥណ្ឌាដែលចាត់ទុកជាហានិភ័យខ្ពស់ក្នុងការចម្លងកូវីដ១៩មកកម្ពុជា នៅគ្រាដែលប្រទេសនេះកំពុងផ្ទុះរាលដាលកូវីដ១៩យ៉ាងធ្ងន់ធ្ងរបំផុតជាងគេលើពិភពនៅរយៈពេលចុងក្រោយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង