Cct850x100 1
1800px x h300px kh

អ៊ីរ៉ង់បញ្ជាក់ពីកិច្ចពិភាក្សាជាមួយអារ៉ាប៊ីសាអូឌីតដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទបានបញ្ជាក់ថា ខ្លួនបានជួបពិភាក្សាជាមួយប្រទេសអារ៉ាប់ប៊ីសាអូឌីត ចាប់តាំងពីការផ្តាច់ទំនាក់ទំនងការទូតរបស់ពួកគេនៅក្នុងឆ្នាំ ២០១៦ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាក្នុងតំបន់ ។

នៅក្នុងសន្និសីទកាសែតអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថា ការបន្ធូរបន្ថយនូវភាពតានតឹងរវាងប្រទេសទាំងពីរនៅក្នុងតំបន់ឈូងសមុទ្រ គឺដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ។ លោកបាននិយាយថា អ៊ីរ៉ង់ស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយភាពផ្ទុយគ្នានិងភាពខុសគ្នារវាងប្រទេសទាំងពីរផងដែរ។

ទន្ទឹមនឹងនេះលោកបានសង្កត់ធ្ងន់ថា ប្រជាជននៅតែត្រូវរង់ចាំមើលលទ្ធផលនៃកិច្ចពិភាក្សា ហើយវាជាការ«ឆាប់ពេក»ក្នុងការនិយាយអំពីព័ត៌មានលម្អិត។ កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាក្នុងតំបន់។ ហើយអ៊ីរ៉ង់តែងតែស្វាគមន៍រាល់កិច្ចចរចាគ្រប់កម្រិតជាមួយអារ៉ាប៊ីសាអូឌីត។ នេះមិនមែនជាគោលនយោបាយថ្មីរបស់អ៊ីរ៉ង់ទេ ប៉ុន្តែអ៊ីរ៉ង់នៅតែរង់ចាំលទ្ធផលនៃកិច្ចពិភាក្សាចុងក្រោយ មុនពេលធ្វើការវិនិច្ឆ័យលើកិច្ចប្រជុំនេះ ។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសុក្រសប្តាហ៍មុន ការសន្ទនាត្រូវបានបញ្ជាក់នៅថ្ងៃនោះ ដោយមន្រ្តីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតផងដែរ។ មន្ត្រីដែលមិនបញ្ចេញឈ្មោះបាននិយាយថាកិច្ចពិភាក្សារវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់គឺ មានគោលបំណងដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ហើយវាលឿនពេកហើយដែលឈានដល់ការសន្និដ្ឋានណាមួយ។ មន្ត្រីរូបនោះមិនបានបង្ហើបពីពេលវេលានិងទីកន្លែងនៃការជជែកឬបញ្ជាក់អ្នកចូលរួមនោះទេ។

កាលពីខែមុនព្រះអង្គម្ចាស់Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានសម្តែងនូវបំណងប្រាថ្នារបស់អារ៉ាប៊ីសាអូឌីតក្នុងការបង្កើតទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ ក្នុងអំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ Al Arabiya ។

អ៊ីរ៉ង់និងអារ៉ាប៊ីសាអ៊ូឌីតបានផ្តាច់ទំនាក់ទំនងការទូតកាលពីខែមករាឆ្នាំ ២០១៦ បន្ទាប់ពីមានបាតុកម្មនៅមុខស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រុងតេរ៉ង់ និងស្ថានកុងស៊ុលរបស់ខ្លួននៅភាគឦសាននៃទីក្រុង Mashhad ៕

Khcct banner

អត្ថបទទាក់ទង