Yearendyearend1140x150
Img 0571

អាជ្ញាធរសុំពលរដ្ឋអត់ធ្មត់៧ថ្ងៃទៀត ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

ភ្នំពេញ៖ អាជ្ញាធររដ្ឋបាលរាជធានីភ្នំពេញស្នើសុំពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ឱ្យមានការអត់ធ្មត់ និងមានការយោគយល់អធ្យាស្រ័យខ្ពស់ក្នុងការចូលរួមទប់ស្កាត់កូវីដចំនួន៧ថ្ងៃទៀត ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម កើត ឆែ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានយល់ច្បាស់ពីការលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម និងតំបន់លឿងទុំ ប៉ុន្តែអាជ្ញាធរស្នើសុំឱ្យពលរដ្ឋមានការអត់ធ្មត់ និងមានការយោគយល់អធ្យាស្រ័យខ្ពស់ក្នុងការចូលរួមទប់ស្កាត់កូវីដចំនួន៧ថ្ងៃទៀត ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ។

ឯកឧត្តម កើត ឆែ បានបន្តថា នៅតំបន់ក្រហម និងតំបន់លឿងទុំ រដ្ឋបាលរាជធានីភ្នំពេញបានដាក់បំរាមបិទខ្ទប់តាមការកំណត់របស់សេចក្តីសម្រេច ក្នុងនាមអាជ្ញាធរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់លឿងទុំ និងតំបន់ក្រហម សូមប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីការពារអាយុជីវិត និងក្រុមគ្រួសារសាច់ញាតិរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស។ អាជ្ញាធរដឹងថាប្រជាពលរដ្ឋនៅក្នុងតំបន់លឿងទុំ និងតំបន់ក្រហមមានការលំបាក ប៉ុន្តែអាជ្ញាធរមិនមានជម្រើសអ្វីដែលល្អប្រសើរជាងការបិទខ្ទប់នេះទេ។

បើតាមឯកឧត្តម កើត ឆែ បានបញ្ជាក់ថា ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅតែបន្តចុះសួរសុខទុក្ខ យកចិត្តទុក្ខដាក់ និងនាំយកអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមជាអាទិភាព និងនៅតំបន់លឿងទុំជាបន្តបន្ទាប់។

ទន្ទឹមនេះ ឯកឧត្តមបានបន្តថា បច្ចុប្បន្នតំបន់លឿងមានលំហធំជាងមុនច្រើន ដែលអាចឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានច្រើនជាងមុន។ ប៉ុន្តែតំបន់លឿងនេះមិនមែនមានន័យថា ប្រជាពលរដ្ឋអាចធ្វើសកម្មភាពដូចមុនព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានទេ ពោលគឺប្រជាពលរដ្ឋត្រូវធ្វើកិច្ចការមួយចំនួនដែលមានកំណត់នៅក្នុងសេចក្តីសម្រេចរបស់រដ្ឋាបាលរាជធានីភ្នំពេញ។ តំបន់លឿងប្រជាពលរដ្ឋអាចប្រកបរបរអាជីវកម្មបានទាំងអស់ ប៉ុន្តែត្រូវពិចារណាថា ភោជនីយដ្ឋានទាំងអស់ត្រូវបន្តលក់វេចខ្ទប់ដដែល ហើយចំណែកបម្រាមគោចរនៅតែមាន និងជាពិសេសពលរដ្ឋគឺចាំបាច់ត្រូវតែអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រដ្ឋាភិបាល ទើបអាចឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង