Yearendyearend1140x150

​រដ្ឋមន្ត្រីក្រសួងកសិកម្ម៖កសិករឈូស​«បន្លែ​»ចោលជាសិទ្ធិរបស់គាត់ តែយើងបានខិតខំហើយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ៖ ប្រជាកសិករ​មួយចំនួន​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល បានឈូសបន្លែសាលាដចោល ដោយអះអាងថា ពួកគេគ្មានទីផ្សារសម្រាប់​លក់។ការឈូសចោលនេះ  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ទុកថា ជាសិទ្ធិសេរីភាពរបស់កសិករ ចំណែកក្រសួងបានខិតខំជាច្រើនដើម្បីជួយកសិករ ខណៈពេល​រដ្ឋាភិបាលបាននិងកំពុង​​បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានស៊ីស៊ីថាមស៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កន្លងទៅក្រសួងកសិកម្មបានខិតខំណាស់ដើម្បីស្វែងរកទីផ្សារបន្លែជួយដល់បងប្អូនកសិករ ប៉ុន្តែដោយសារតែ​​មានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល នាំឱ្យការដឹកជញ្ជូនបន្លែ ត្រីសាច់មួយចំនួនធំជួបបញ្ហា។

ឆ្លើយតបទៅនឹងកសិករឈូសបន្លែចោល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានចាត់ទុកថា ជាសិទ្ធិសេរីភាពរបស់កសិករ តែក្នុងតំណាក់កាលនេះជាពេលវេលាដែលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ហើយប្រសិនបើអាជ្ញាធរបើកសេរីអាចនឹងធ្វើឱ្យប្រសិទ្ធភាពនៃការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​បរាជ័យ។

តែយ៉ាងណាក៏ដោយ បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ក្រសួងបានដាក់សំណើរទៅខាងរដ្ឋបាលរាជធានីភ្នំពេញរួចរាល់ហើយ ដើម្បីជួយសម្រួលដល់កសិករ។ហើយឯកឧត្តមបានចាត់ទុកមតិរិះគន់មួយចំនួនជាងការកេងចំណេញនយោបាយក្នុងពេលបិទខ្ទប់។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រជាកសិករ​មួយចំនួន​បានឈូសបន្លែចោល ដោយអះអាងថា ដោយសារគ្មានទីផ្សារសម្រាប់​លក់។ពួកគេបានជំរុញទៅរដ្ឋាភិបាលឱ្យមានវិធានការរៀបចំការដើរប្រមូលទិញបន្លែពីប្រជាកសិករដែលកំពុងគ្មានទីផ្សារ យកទៅលក់នៅតំបន់បិទខ្ទប់ ឬត្រូវសម្របសម្រួលឱ្យកសិករអាចលក់ផលដំណាំរបស់ពួកគេនៅតំបន់នោះផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង