Yearendyearend1140x150
Img 0571

វិស័យដឹកជញ្ជូននៅកម្ពុជាប្រសើរជាងមុន ក្រោយរដ្ឋាភិបាលបន្ធូរការធ្វើចរាចរណ៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា

ភ្នំពេញ៖ បច្ចុប្បន្ន វិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាមានភាពធូរស្រាល និងងាយស្រួលជាងមុន ដោយសារតែរាជរដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតត្បិតការធ្វើចរាចរណ៍ទៅលើករណីចាំបាច់មួយចំនួនដូចជា សេវាដឹកជញ្ជូនទំនិញជាដើម។ នេះបើតាមប្រសាសន៍របស់លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យការដឹកជញ្ជូនដោយរថយន្តធន់ធំ ធន់តូច និងមធ្យម អាចធ្វើដំណើរបាន ហើយបុគ្គលិកនៃក្រុមហ៊ុនដឹកជញ្ជូនក៏អាចអនុញ្ញាតឱ្យធ្វើដំណើរបានក្នុងកម្រិតអប្បបរមាផងដែរ។ ហើយបច្ចុប្បន្ននេះ ខាងភ្នាក់ងារបញ្ជូនទំនិញកម្ពុជាក៏បានដំណើរការបានមួយចំនួនក្នុងរយៈពេល២ថ្ងៃមកហើយ ដោយសង្កេតឃើញថាការដឹកជញ្ជូនមានភាពធូរស្រាលជាងមុនបន្ទាប់ពីមានការកកស្ទះកាលពីសប្តាហ៍មុនៗកន្លងមក។

លោកបន្តថា ទោះជាមានបញ្ហាការបិទខ្ទប់យ៉ាងណាក៏ដោយ ក៏មិនអាចបង្កឱ្យកម្ពុជាមានវិបត្តិផ្នែកដឹកជញ្ជូនធ្ងន់ធ្ងរនោះឡើយ ព្រោះរាជរដ្ឋាភិបាលមិនមានការហាមឃាត់ចំពោះករណីចាំបាច់ដូចជាសេវាដឹកជញ្ជូននេះទេ គឺគ្រាន់តែមានយឺតយ៉ាវបន្តិចបន្តួចតែប៉ុណ្ណោះ។

លោកបន្ថែមថា ចំណែកឯតម្លៃដឹកជញ្ជូនវិញគឺពុំមានការឡើងថ្លៃអ្វីនោះទេ ដោយសារតែវិស័យដឹកជញ្ជូនក៏ដូចជាសមាគមភស្តុភារកម្មកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីជួយសម្រួលដល់រាជរដ្ឋាភិបាល ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលកុំឱ្យមានឱនភាពជាងមុនដែរ។

លោកបញ្ជាក់ថា កម្ពុជាមានវិស័យដឹកជញ្ជូនតាមផ្លូវទឹករហូតដល់ទៅជាង៧០ភាគរយ ជាពិសេសនៅតាមកំពង់ផែធំៗទាំង២ដូចជាកំពង់ផែកំពង់សោមអាចគ្របដណ្តប់រហូតដល់៦០ភាគរយ ហើយកំពង់ផែក្រុងភ្នំពេញមានជិត២០ភាគរយ។ រីឯផ្លូវអាកាសមានមិនដល់១០ភាគរយទេ ដោយសារតែមានតម្លៃថ្លៃ ហើយក្រៅពីនេះគឺជាការដឹកជញ្ជូនតាមផ្លូវគោកទៅកាន់ប្រទេសជិតខាង។

គួរបញ្ជាក់ថា រដ្ឋាភិបាលកាលពីថ្ងៃទី២៥ ខែមេសានេះ បានសម្រេចចំពោះការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ ត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាល ប៉ុន្តែការធ្វើដំណើរចេញចូលឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល ដែលជាតំបន់បិទខ្ទប់ត្រូវបានហាមឃាត់ដដែល លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និងបន្ទាន់ សេវាពាក់ព័ន្ធនឹងការងារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង