Cct850x100 1
1800px x h300px kh

ការដឹកជញ្ជូន«បន្លែត្រីសាច់»ជួបបញ្ហាខ្លាំងក្នុងពេលបិទខ្ទប់នៅភ្នំពេញនិងក្រុងតាខ្មៅ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

ភ្នំពេញ៖ ក្នុងរយៈពេលនៃការបិទខ្ទប់នៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ គឺមានផលប៉ះពាល់មួយចំនួនចំពោះប្រជាកសិករក្នុងការដឹកជញ្ជូនបន្លែ ត្រីសាច់ ដោយផ្សារធំៗមួយចំនួនត្រូវបានបិទ។ ចំពោះកសិករ ដែលពុំមានទំនាក់ទំនងនៃការធ្វើកិច្ចសន្យាក្នុងការផ្គត់ផ្គង់ជាមួយនឹងផ្សារធម្មជាតិ និងផ្សារទំនើបមួយចំនួនគឺមិនអាចនាំចូលមកបានទេ នេះជាបញ្ហាប្រឈមរបស់កសិករដែលនៅដាច់ដោយឡែក។ នេះជាការលើកឡើងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។

ឯកឧត្តម វេង សាខុន បានថ្លែងថា អភិបាលរាជធានីភ្នំពេញក៏បានចាត់វិធានការដោយបានបិទផ្សារធំៗមួយចំនួននៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ។ ដោយឡែកផ្សារទំនើប និងផ្សារធម្មជាតិនៅបើកនៅឡើយ ប៉ុន្តែបន្លែ ត្រីសាច់ ដែលដាក់លក់នៅតាមផ្សារទំនើបនៅក្នុងអាគារមានម៉ាស៊ីនត្រជាក់ភាគច្រើនជាបន្លែសុវត្ថិភាព ហើយផ្សារទាំងនោះបានធ្វើកិច្ចសន្យាជាមួយបណ្តុំកសិករ ឬសហគមន៍កសិកម្មក្នុងការសន្យាផ្គត់ផ្គង់ និងទិញយកមកលក់នៅក្នុងផ្សារ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះបណ្តុំកសិករ ឬសហគមន៍កសិកម្មដែលមានកិច្ចសន្យាជាមួយផ្សារទំនើប និងផ្សារធម្មជាតិ ក្នុងការដឹកជញ្ជូនមានរថយន្តពិសេសសម្រាប់ដឹកជញ្ជូនគឺអនុញ្ញាតឲ្យដឹកជញ្ជូន។ ដោយឡែកកសិករទាំងការដាំដុះបន្លែក៏ដូចជាការចិញ្ចឹមត្រីពុំមានទំនាក់ទំនងនៃការធ្វើកិច្ចសន្យាជាមួយនឹងផ្សារធម្មជាតិ និងផ្សារទំនើបមួយចំនួនគឺមិនអាចនាំចូលមកបានទេ នេះជាបញ្ហាប្រឈមរបស់កសិករដែលនៅដាច់ដោយឡែក។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដើម្បីជួយដល់កសិករដែលជួបការលំបាកក្នុងការដឹកជញ្ជូនបន្លែត្រីសាច់ បច្ចុប្បន្នក្រសួងកសិកម្មកំពុងតែពិនិត្យនិងពិភាក្សាជាមួយនឹងក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យពិចារណាទៅលើទីតាំងណាមួយ ដើម្បីធ្វើការសម្របសម្រួលលក់ដូចជាតំបន់ក្រហម ដែលហាមឃាត់មិនឲ្យចេញចូលក៏ដូចជាតំបន់បិទខ្ទប់មួយចំនួន ថាតើមានលទ្ធភាពបង្កើតទីតាំងណាដែលចែកចាយដល់កសិករដែលនៅដាច់ដោយឡែកមិនបាននៅក្នុងសហគមន៍ដែលមិនមានកិច្ចសន្យាចែកចាយដល់កសិករអាចដាំដុះនៅទីវាល ដែលមានតម្លៃថោក។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ក្នុងករណីមានការអនុញ្ញាត ក្រសួងកសិកម្មមានគម្រោងចេញលិខិតជួយសម្រួលដល់កសិករដែលចាំបាច់ ហើយបច្ចុប្បន្ននេះ ចំពោះនីតិវិធីផ្សេងៗ ក្រសួងកំពុងរង់ចាំចម្លើយពីក្រសួងពាណិជ្ជកម្ម៕

Khcct banner

អត្ថបទទាក់ទង