Yearendyearend1140x150
Img 0571

ពលរដ្ឋក្នុង«តំបន់ក្រហម» ហាមដាច់ខាតមិនឱ្យធ្វើដំណើរផ្ដេសផ្ដាស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ទីតាំងអនុវត្តការបិទខ្ទប់ក្នុងព្រំប្រទល់ខេត្តកណ្ដាល និងព្រៃវែង 

ភ្នំពេញ៖ សេចក្ដីលម្អិតស្ដីពីវិធានការរិតបន្តឹងក្នុងការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ គឺមិនអនុញ្ញាតឱ្យពលរដ្ឋស្ថិតក្នុង«តំបន់ក្រហម» ធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន លើកលែងករណីបន្ទាន់ណាមួយ នឹងត្រូវបានអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ 

យោងតាមសេចក្ដីណែនាំវិធានការលម្អិតដើម្បីរិតបន្តឹងការអនុវត្តសេចក្ដីសម្រេចការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ  ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានបញ្ជាក់ថា ក្នុង «តំបន់ក្រហម» ដែលកំណត់ដោយអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន។

ការហាមនេះ គឺមានការលើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ និងការធ្វើដំណើរទៅជួបមន្ត្រីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហមតាមការកំណត់ និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចតែប៉ុណ្ណោះ។ 

ទន្ទឹមនឹងនេះ អាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ នឹងចាត់ចែងជាបន្ទាន់ដើម្បីចែកចាយនូវជំនួយសង្គ្រោះបន្ទាន់ រួមមានអង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកក្នុងជីវភាពនៅក្នុងតំបន់ក្រហមដែលបានបិទខ្ទប់។ 

ក្នុងសេចក្ដីណែនាំបានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងរៀបចំឱ្យមានការផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគដែលចាំបាច់ផ្សេងទៀត ដើម្បីលក់ឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដោយអនុវត្តសេវាលក់តាមប្រព័ន្ធទូរស័ព្ទ ឬអនឡាញ និងការដឹកជញ្ជូនចែកចាយដល់មុខផ្ទះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ការបិទខ្ទប់
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង