Yearendyearend1140x150

៣ថ្ងៃសហព័ន្ធស្រូវអង្ករកម្ពុជាលក់អង្ករជិត ៨០០តោនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨មក អង្ករជិត ៨០០តោន ត្រូវបានបញ្ចេញលក់ដោយសមាជិកចំនួន ១០ក្រុមហ៊ុន ដល់ទីផ្សារលក់រាយ និងលក់ដល់ដេប៉ូ ក្រោមតម្លៃទីផ្សារនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អំឡុងពេលរាជរដ្ឋាភិបាលបានចេញវិធានការអនុវត្តបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។នេះបើតាមអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា លោក លន់ យ៉េង។

លោក លន់ យ៉េង បានថ្លែងថា ក្រុមហ៊ុនមួយចំនួនសម្រេចជួយបញ្ចុះតម្លៃបន្ថែមទៀត លើតម្លៃចាស់ ក្នុង ១តោន ពី ៥០ដុល្លារ ទៅ ១០០ដុល្លារ ក្នុង ១តោន ឬ ១បេ ទម្ងន់ ៥០គីឡូក្រាម បញ្ចុះតម្លៃពី ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀល ទៅតាមប្រភេទអង្ករ នីមួយៗ ផងដែរ។

បន្ថែមពីលើនេះ លោក លោក លន់ ម៉េង បានបន្ថែមទៀតថា ការនាំចេញអង្ករវិញមិនសូវដំណើរការបានល្អទេ ដោយការរឹតត្បិតការធ្វើដំណើរ គឺពិបាកក្នុងការនាំចេញ ដូច្នេះហើយធ្វើឲ្យក្រុមហ៊ុននាំចេញរឹតតែនៅសល់អង្ករច្រើនថែមទៀត។

លោកអំពាវនាវដល់អាជ្ញាធរ ជួយសម្រួលដល់ការដឹកជញ្ជូន ពីព្រោះទីតាំងខ្លះគឺឡានដឹកអង្ករចូលទៅមិនបាន ដើម្បីចែកចាយលក់អង្ករទៅដល់ប្រជាពលរដ្ឋ ដែលតំបន់ខ្លះពួកគាត់បានជួបប្រទះការខ្វះខាតអង្ករ និងស្នើសុំដាក់កម្មករពី ៣ទៅ៤នាក់ ដើម្បីអាចលើក-ដាក់ អង្ករបានងាយស្រួល បើពុំដូច្នោះទេ គឺមកតែឡានដឹកអង្ករ ប៉ុន្តែបែរជាគ្មានអ្នកលើកដាក់នោះឡើយ។

ជាមួយគ្នានោះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឲ្យមានការភ័យខ្លាច ឬព្រួយបារម្ភពីរឿងខ្វះអង្ករទទួលទាន ព្រោះថា អង្ករយើងមានគ្រប់គ្រាន់ពេញនៅក្នុងឃ្លាំងរោងម៉ាស៊ីនកិនស្រូវគ្រប់ទីតាំងទាំងអស់ ដោយសារតែយើងទើបប្រមូលផលស្រូវនាពេលថ្មីៗនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីបញ្ជាក់បន្ថែមពីការលក់បញ្ចុះថ្លៃអង្ករបន្ថែម ពី ២០ម៉ឺនរៀល ទៅ ៤០ម៉ឺនរៀល ក្នុងមួយតោន ឬ ពី ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀល ក្នុងមួយបេ ៥០គីឡូក្រាម លើតម្លៃគោលដែលបងប្អូនធ្លាប់ទិញកន្លងមក មិនមែនលក់ក្នុង ១បេ ៥០គីឡូក្រាម តម្លៃ ១ម៉ឺនរៀល ទៅ២ម៉ឺនរៀលនោះទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង