Yearendyearend1140x150
Img 0571

«ខេត្តស្វាយរៀង»ជាទីតាំងមួយបន្ថែមទៀតដែលអាជ្ញាធរអនុវត្តកាតព្វកិច្ច«ពាក់ម៉ាស»និង«រក្សាគម្លាតសុវត្ថិភាព»

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ប្រកាសដោយកំណត់យក «ខេត្តស្វាយរៀង» ជាទីតាំងភូមិសាស្ត្រអនុវត្តកាតព្វកិច្ច«ពាក់ម៉ាស» និងកាតព្វកិច្ច«រក្សាគម្លាតសុវត្ថិភាព» ត្រូវចាប់ផ្តើមអនុវត្ត«ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី»ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 

ស្របតាមប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ «ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍» កំណត់បញ្ជាក់ថា ខេត្តស្វាយរៀង ត្រូវបានកំណត់ធ្វើជា ទីតាំងភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ 

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដដែល បានកត់សម្គាល់ថា «ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុង ប្រការ៣ និងប្រការ៤ នៃប្រកាសខាងលើនេះ ដោយការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្ត«ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី»

ក្រសួងសុខាភិបាល បានដាក់សំណើរទៅដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សម្រាប់ចាត់វិធានការដើម្បីធានាអនុវត្តឱ្យ បានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ហើយសំណូមពរដល់សាធារណជនទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា មកដល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជា បានកំណត់ជាទីតាំងភូមិសាស្រ្តចំនួន៤ ស្ថិតនៅក្នុងហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩ កំណត់ឱ្យចូលរួមអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។ ទីតាំងភូមិសាស្ត្រអនុវត្តកាតព្វកិច្ច«ពាក់ម៉ាស» និងកាតព្វកិច្ច«រក្សាគម្លាតសុវត្ថិភាព» នោះរួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តស្វាយរៀង៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង