Cct850x100 1
1800px x h300px kh

ស្រ្តីម្នាក់វ័យ៥៥ឆ្នាំស្លាប់ដោយសារ«កូវីដ១៩»នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរអាយុ ៥៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានទទួលមរណកាល  ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ នៅរសៀលម៉ោង០២ និង៥៦នាទី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាករណីស្លាប់ទី២៥។

ក្នុងសេចក្ដីប្រកាសដដែល បានឱ្យដឹងថា ស្រ្តីខាងលើ ត្រូវបានរកឃើញថាមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅ ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ផងដែរ។ 

ក៏ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ តាំងពីចូលសម្រាកពេទ្យដំបូង តម្រូវឲ្យក្រុមគ្រូពេទ្យ ប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម តាំងពីថ្ងៃចូលសម្រាកពេទ្យដំបូងមកម្ល៉េះ។ តែទោះបីជាក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស យ៉ាងណាក្ដី ក៏មិនអាចជួយស្រ្តីជាអ្នកជំងឺឱ្យបានធូរស្បើយដែរ ហើយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ ដែលបណ្តាលឱ្យបាត់បង់ជីវិត នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នៅរសៀលម៉ោង០២ និង៥៦នាទីនេះ។

ជាមួយគ្នានេះ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ និយាយថា ស្ត្រីជនជាតិខ្មែរ អាយុ៥៥ឆ្នាំខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយខ្សោយសួតធ្ងន់ធ្ងរ រលាកសួតសងខាង ព្រោះមេរោគកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម។ ហើយក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពផងដែរ៕ 


Khcct banner

អត្ថបទទាក់ទង