Cct850x100 1
1800px x h300px kh

សហរដ្ឋអាមេរិកនឹងពង្រីកទំហំនៃហិរញ្ញប្បទានអាកាសធាតុ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Yellen ប្រភពរូប៖​ Devex

អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Yellen បាននិយាយនៅថ្ងៃទី ៦ ថា សហរដ្ឋអាមេរិកនឹងស្វែងរកការពង្រីកទំហំនៃហិរញ្ញប្បទានអាកាសធាតុផ្តល់ការវិនិយោគឯកជននិងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។

លោកស្រី Yellen បានថ្លែងនៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងដោយសម្ព័ន្ធភាពសកម្មភាពអាកាសធាតុ ថា ការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការជាសកលដ៏រឹងមាំ នាពេលបច្ចុប្បន្ននេះ រដ្ឋបាល បៃ ដិន បានប្រកាសនូវយុទ្ធសាស្ត្រ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ហើយនឹងប្រកាសទិសដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឆ្នាំ ២០៣០។

លោកស្រី Yellen បានចង្អុលបង្ហាញថាក្រសួងរតនាគារអាមេរិកកំពុងធ្វើការតាមរយៈក្រុមប្រឹក្សាត្រួតពិនិត្យស្ថេរភាពហិរញ្ញវត្ថុអាមេរិកនិងចូលរួមក្នុងវេទិកាអន្តរជាតិដើម្បីស្វែងយល់និងកាត់បន្ថយហានិភ័យដែលការប្រែប្រួលអាកាសធាតុបង្កជាប្រព័ន្ធហិរញ្ញវត្ថុនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងពេលតែមួយជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុ វិនិយោគនិងយុទ្ធសាស្ត្រស្របទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សហរដ្ឋអាមេរិកក៏ស្វែងរកការពង្រីកទំហំនៃហិរញ្ញប្បទានអាកាសធាតុ បង្កើនការវិនិយោគឯកជនបន្ថែមនិងគាំទ្រដល់ធនាគារអភិវឌ្ឍន៍ពហុភាគី ដើម្បីអនុវត្តសកម្មភាពហិរញ្ញប្បទានស្របតាមគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

សម្ព័ន្ធភាពសកម្មភាពអាកាសធាតុរបស់រដ្ឋមន្រ្តីរតនាគារត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ហើយបច្ចុប្បន្នមានរដ្ឋជាសមាជិក ៦០ ។ សម្ព័ន្ធភាពមានគោលបំណងគាំទ្រសកម្មភាពអាកាសធាតុតាមរយៈគោលនយោបាយសារពើពន្ធ និងហិរញ្ញប្បទានឯកជនផ្តល់ជំនួយបច្ចេកទេសនិងចែករំលែកគំនិតគោលនយោបាយប្រកបដោយប្រសិទ្ធភាព។

ក្នុងអំឡុងពេលរដ្ឋបាល Trump សហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅឆ្នាំ ២០២០ ។ បន្ទាប់ពីលោក Biden បានចូលកាន់តំណែងនៅខែមករាឆ្នាំនេះ សហរដ្ឋអាមេរិកបានវិលត្រឡប់មកកិច្ចព្រមព្រៀងជាផ្លូវការវិញហើយនៅក្នុងខែកុម្ភៈ៕

Khcct banner

អត្ថបទទាក់ទង