Yearendyearend1140x150

កម្មវិធីទាំងអស់នៅក្នុង App Store មិនប្រាកដថាមានសុវត្ថិភាពនោះទេ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
សូមកុំច្រឡំថា កម្មវិធីទាំងអស់នៅក្នុង App Store គឺមានសុវត្ថិភាព

ភ្នំពេញ៖  នេះបើតាមការចុះផ្សាយពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department ផ្សាយថ្ងៃទី៣១ មីនាកន្លងទៅ បានអះអាងថា សូមកុំច្រឡំថា កម្មវិធីទាំងអស់នៅក្នុង App Store គឺមានសុវត្ថិភាព។ 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយយោងតាមប្រភពរបស់សារព័ត៌មាន The Washington Post កាលពីថ្ងៃទី៣០ មីនាកន្លងទៅ បានបង្ហាញពីហានិភ័យក្នុងការទាញយកកម្មវិធីផ្សេងៗ ពីក្នុង App Store ដែលបានធ្វើឱ្យបុរសម្នាក់«ខាតបង់រូបិយប័ណ្ណអេឡិចត្រូនិក» ឬហៅថា កាក់ឌីជីថលដែលមានចំនួនទឹកប្រាក់ប្រមាណ ៦០ម៉ឺនដុល្លារ។  

លើសពីនេះ កាលពីខែកុម្ភៈកន្លងទៅ លោក Phillipe Christodoulou មានបំណងចង់ឆែកមើលចំនួនទឹកប្រាក់ ដែលលោកមានជាមួយនឹងក្រុមហ៊ុន Trezor ដូច្នេះលោកក៏បានចូលទៅក្នុង App Store ដើម្បីស្វែងរកកម្មវិធីរបស់ក្រុមហ៊ុន Trezor។ ក្រោយពីលោក Phillipe បានរកឃើញកម្មវិធីមួយដែលមានឈ្មោះ Trezor ព្រមទាំងមានប្រើនិក្ខិត្តសញ្ញាដូចគ្នាផងនោះ លោកក៏បានទាញយកកម្មវិធីមកប្រើ។ 

ជាអកុសល ក្រោយពីទឹកប្រាក់នៅក្នុងគណនីត្រូវបាន«ជនខិលខូច»លួចយកអស់នោះ លោក Phillipe ទើបបានដឹងថា កម្មវិធីដែលលោកបានទាញយកមកប្រើ គឺជា«កម្មវិធីក្លែងក្លាយ» ដែលក្រុមជនខិលខូចបង្កើតដោយប្រើឈ្មោះ និងរូបភាពរបស់ក្រុមហ៊ុនពិតប្រាកដ។

ជាការឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុន Apple បានឱ្យដឹងថា កម្មវិធី Trezor ខាងលើនោះ ត្រូវបានអនុញ្ញាតឱ្យចែកចាយនៅក្នុង App Store បានដោយសារតែមុនដំបូងក្រុមជនខិលខូចបានបន្លំថា កម្មវិធីនេះ គឺជាកម្មវិធីសម្រាប់គ្រប់គ្រងលេខសម្ងាត់ និងឯកសារនៅក្នុងទូរសព្ទ ប៉ុន្តែក្រោយមកពួកជនខិលខូច ក៏បានធ្វើបច្ចុប្បន្នភាពកែកម្មវិធីឱ្យទៅជាកម្មវិធីសម្រាប់គ្រប់គ្រងកាក់ឌីជីថលទៅវិញ ហើយដែលក្រុមហ៊ុន Apple មិនបានធ្វើការត្រួតពិនិត្យឡើងវិញ។

តួយ៉ាងនៅកម្ពុជា ដោយសារតែឃើញពីហានិភ័យទាក់ទងនឹងការទាញយកកម្មវិធីមកប្រើនេះហើយ បានជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយ សូមកុំទាញយកកម្មវិធីណាដែលមិនមានប្រភពច្បាស់លាស់ ហើយម្យ៉ាងវិញទៀតលោកអ្នកក៏អាចបញ្ជាក់ជាមួយក្រុមហ៊ុនផ្ទាល់ថាតើពួកគេមានប្រើកម្មវិធីសម្រាប់ទូរសព្ទឬអត់ ដើម្បីចៀសវាងក្នុងការទាញយកកម្មវិធីក្លែងក្លាយមកប្រើ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង