Yearendyearend1140x150

ឯកអគ្គរដ្ឋទូតចិន៖«ខ្ញុំមានមោទនភាពណាស់ ដែលបានមកទទួលវ៉ាក់សាំងចិនច្រើនដងបំផុត»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា មានសេចក្ដីរីករាយនិងមានមោទនភាពណាស់ ដែលបានមកទទួលស្វាគមន៍ការមកដល់នៃវ៉ាក់សាំងដែលប្រទេសចិនផ្ដល់ជូនកម្ពុជាច្រើនដងបំផុត។

ក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំងជំនួយជំហានទីពីររបស់រដ្ឋាភិបាលនិងកងទ័ពចិន ឯកឧត្តម Wang Wentian បានបញ្ជាក់ថា ឯកឧត្តមពិតជាមានមោទនភាពណាស់ ដែលជារូបលោកបានមកទទួលស្វាគមន៍ការមកដល់នៃវ៉ាក់សាំងជាជំនួយពីប្រទេសចិនជូនកម្ពុជាច្រើនដងបំផុត បើធៀបនឹងឯកអគ្គរដ្ឋទូតផ្សេងៗ។

ឯកឧត្តមមានប្រសាសន៍ថា៖« ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជាច្រើនបានអញ្ជើញទទួលស្វាគមន៍វ៉ាក់សាំងចិន ខ្ញុំមានមោទនភាពដែលខ្ញុំជាឯកអគ្គរដ្ឋទូតចិនមួយរូបដែលបានទទួលស្វាគមន៍វ៉ាក់សាំងចិនច្រើនដងបំផុតនៅកម្ពុជា»។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបន្តថា នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជាច្រើនបានអញ្ជើញទទួលស្វាគមន៍វ៉ាក់សាំងចិន ខណៈដែលរូបលោកជាឯកអគ្គរដ្ឋទូតចិននៅកម្ពុជាបានទទួលស្វាគមន៍វ៉ាក់សាំងចិនចំនួនបីដងរួចមកហើយ។

ឯកឧត្តមបញ្ជាក់ថា លោកពិតជាមានសេចក្តីរីករាយជាខ្លាំងដែលបានចូលរួមពិធីប្រគល់និងទទួលវ៉ាក់សាំងកូវីដ-១៩ជំហានទី២ដែលជាអំណោយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។

ពោល ចាប់តាំងពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ មក នេះជាលើកទីបីហើយ ដែលរូបលោកបានមកទទួលស្វាគមន៍វ៉ាក់សាំងចិនជាមួយភាគីកម្ពុជាក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឯកឧត្តមសង្កត់ធ្ងន់ថា លោកនឹងបន្តទទួលស្វាគមន៍វ៉ាក់សាំងចិន ពីព្រោះបើយោងតាមតម្រូវការរបស់ភាគីកម្ពុជានិងការរៀបចំរបស់ភាគីចិន វ៉ាក់សាំងកាន់តែច្រើននឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជាជាបន្តបន្ទាប់។

ក្នុងសន្ទរកថានៃពិធីទទួលវ៉ាក់សាំងម្សិលមិញនេះ បានបញ្ជាក់ថា ដើម្បីសងគុណកម្ពុជា ប្រទេសចិនបានផ្តល់ជំនួយនិងការគាំទ្រទៅកាន់ភាគីកម្ពុជា ខណៈពេលដែលប្រទេសកម្ពុជាកំពុងតែមានតម្រូវការវ៉ាក់សាំងជាបន្ទាន់។

សូមជម្រាបជូនថា រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់វ៉ាក់សាំងSinopharmចំនួន១.៣លានដូសនិងបានផ្តល់វ៉ាក់សាំងSinovacចំនួន១.៥លានដូសដែលប្រទេសកម្ពុជាបានបញ្ជាទិញពីប្រទេសចិន។

ភាគីចិន សង្ឃឹមថាវ៉ាក់សាំងចិនទាំងនេះនឹងអាចបង្កើតជា«ជញ្ជាំងការពារសុខភាពដ៏រឹងមាំ» មួយសម្រាប់ប្រជាជនកម្ពុជា ក៏សង្ឃឹមថាវ៉ាក់សាំងចិនអាចដើរតួយ៉ាងសកម្មក្នុងការជួយកម្ពុជាយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩មួយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង