Yearendyearend1140x150

រដ្ឋាភិបាលស្នើសុំពលរដ្ឋ«ចៀសវាងធ្វើដំណើរចេញក្រៅផ្ទះ និងឆ្លងកាត់រាជធានី-ខេត្ត»ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រដ្ឋាភិបាលស្នើសុំពលរដ្ឋ«ចៀសវាងធ្វើដំណើរចេញក្រៅផ្ទះ និងឆ្លងកាត់រាជធានី-ខេត្ត»ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេច ហ៊ុន សែន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យគោរពតាមវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយស្នើរសុំពលរដ្ឋចៀសវាងធ្វើដំណើរចេញក្រៅផ្ទះ និងឆ្លងកាត់រាជធានី-ខេត្ត ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំថ្មីនេះគិតចាប់ពីចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ដោយនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន កុំធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់។

ការចេញការសារាចរណែនាំរបស់រដ្ឋាភិបាលកម្ពុជានេះ គឺធ្វើឡើងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺនេះ ចំពោះវិស័យសង្គម និង សេដ្ឋកិច្ចជាតិនៅក្នុងបរិការណ៍ដែល «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅមិនទាន់មានភាពធូរស្រាលនៅឡើយ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានធ្វើការណែនាំដល់ក្រសួង-ស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សង្ឃឹមថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស នឹងទទួលបានដឹងពីសារាចរណែនាំនេះ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង សាធារណជនត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

សូមបញ្ជាក់ថា វិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅក្នុងឱកាសថ្ងៃឈប់សម្រាកខាងមុខនោះ រួមមាន៖ «វិធានការទី​១» គឺក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ «ត្រូវចាត់វិធានការចាំបាច់នានា សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្លួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន ទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ ការដឹកជញ្ជូនមនុស្ស និងការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម រមណីយដ្ឋាន និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគ្នាក្នុងចំនួនច្រើន»។

ដោយឡែក «វិធានការទី២» មានដូចតទៅ៖

- សូមនៅជួបជុំក្រុមគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់ និងចៀសវាងការធ្វើដំណើរមិនចាំបាច់ឆ្លងកាត់រាជធានី-ខេត្ត។

- ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញ-ចូលតំបន់ ឬ ទីកន្លែងដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ កំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

- ចៀសវាងនូវការរៀបចំពិធីផ្សេងៗ រួមទាំងពិធីសាសនាផង ឬ ការជួបជុំគ្នាទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន។

- អនុវត្តវិធានការ «៣ការពារ និង ៣កុំ» ព្រមជាមួយនឹងវិធានការសុខាភិបាលចាំបាច់ផ្សេងទៀតសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា។

- ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូន អ្នកដំណើរគ្រប់ប្រភេទមិនត្រូវតម្លើងថ្លៃសេវាដឹកជញ្ជូនអ្នកដំណើរឡើយ និងត្រូវយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាលសំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួនចំពោះអ្នកដំណើរនៅលើយានយន្តរបស់ខ្លួន៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង