Yearendyearend1140x150

ហាងកាហ្វេមួយកន្លែងក្នុងខេត្តសៀមរាប ត្រូវអាជ្ញាធរចុះណែនាំព្រោះមិនគោរពវិធានការការពារកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ហាងកាហ្វេដែលមិនគោរពតាមការណែនាំរបស់ក្រសួង (រូបភាព មន្ទីរព័ត៌មានខេត្តសៀមរាប) 

ភ្នំពេញ៖​ កម្លាំងនគរបាលក្រុងសៀមរាប ចុះណែនាំដល់ហាងកាហ្វេមួយកន្លែងក្នុងក្រុង ពីកាតព្វកិច្ចរក្សាគម្លាត ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ខណៈហាងនេះមិនបានអនុវត្តន៍តាមការណែនាំរបស់ក្រសួង។

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់កម្លាំងចុះណែនាំ និងធ្វើកិច្ចសន្យាលើកទី១ ដល់ហាងកាហ្វេ លឹម ឆាយ នៅជិតស្ពានអាងក្រពើ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ក្រោយពិនិត្យឃើញថា ទីតាំងនេះ មិនបានអនុវត្តន៍វិធានការរក្សាគម្លាតបុគ្គល ស្របតាមប្រការ៤ នៃប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

មន្ទីរព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា សម្រាប់កិច្ចសន្យាលើកទី១នេះ កម្លាំងនគរបាល បានអប់រំណែនាំ ដល់ម្ចាស់ទីតាំងហាងកាហ្វេនេះ ត្រូវអនុវត្តនូវវិធានការកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ដោយពុំមានដាក់ទោសទណ្ឌឡើយ។ 

ជាងនេះទៅទៀត បើក្នុងករណី ម្ចាស់ហាងមិនរាងចាល និងបន្តអនុវត្តន៍បំពាននឹងច្បាប់ និងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នោះម្ចាស់ទីតាំងនឹងត្រូវរងការផ្តន្ទាទោស ជាការពិន័យអន្តរការណ៍ពី២លានរៀល ទៅ១០លានរៀល។ ដោយឡែកចំពោះបុគ្គលដែលមិនអនុវត្ត ក៏ត្រូវទទួលទណ្ឌកម្មដូចគ្នាផងដែរ ដោយលើកទី១ ជាការព្រមាន សម្រាប់លើកទី២ នឹងត្រូវរងការផ្តន្ទាទោស ជាការពិន័យអន្តរការណ៍ផងដែរ។

សូមជម្រាបជូនថា សម្រាប់ខេត្តសៀមរាប អ្នកមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតមកទល់ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ មានចំនួន០៩នាក់ ក្នុងនោះមាន ៖ នៅឃុំសំរោងយា ក្នុងស្រុកពួក ចំនួន០១នាក់ , នៅសង្កាត់គោកចក ក្រុងសៀមរាប ចំនួន ០២ នាក់ , នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន០៤នាក់ និង នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន០២នាក់ ក្នុងនោះមានម្នាក់ ដែលបម្រើការនៅហាងកាហ្វេលឹង្គ១០០០ គឺមានអាសយដ្ឋានស្នាក់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង