Yearendyearend1140x150

ខេត្តសៀមរាបនៅថ្ងៃនេះ មិនមានករណីអ្នកវិជ្ជមានកូវីដទេ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ហាងកាហ្វេលឹង្គ១០០០ ក្នុងខេត្តសៀមរាប (រូបភាព មន្ទីរព័ត៌មានខេត្តសៀមរាប) 


ភ្នំពេញ៖ បើតាមមន្ត្រីជំនាញបញ្ជាក់ថា នៅខេត្តសៀមរាបថ្ងៃនេះមិនមានករណីជំងឺកូវីដ-១៩ថ្មីទេ  ខណៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលព្រឹកនេះបានបង្ហាញថា ខេត្តសៀមរាប មានចំនួន ០១ នាក់ ជាស្ត្រីជនជាតិខ្មែរ មានអាយុ ១៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ​អាចជាករណីច្រឡំ។ 

លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានមានប្រសាសន៍ថា នៅខេត្តសៀមរាបមិនមានករណីជំងឺកូវីដ-១៩ថ្មីឡើយនៅថ្ងៃនេះ ហើយការប្រកាសរបស់ក្រសួងសុខាភិបាល ថាបានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មីនៅខេត្តសៀមរាបនៅក្នុងថ្ងៃនេះ អាចជាករណីដែលច្រឡំ ព្រោះប្រហែលជាក្រសួងយកសំណាកវិជ្ជមានរួចហើយ ទៅត្រួតពិនិត្យឡើងវិញ ហើយចុះផ្សាយម្តងទៀត ។

ចំណែកមន្ទីរព័ត៌មានខេត្តសៀមរាបក៏បានបញ្ជាក់ដែរថា ករណីស្ត្រីជនជាតិខ្មែរ ឈ្មោះ ពៅ ឧស្សាហ៍ អាយុ ១៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំកណ្ដែក ស្រុកប្រាសាទបាគង គឺជាបុគ្គលិកនៅហាងកាហ្វេលឹង្គ១០០០ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយត្រូវបានរដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ កាលពីល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ថាបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មី១នាក់ ក្នុងក្រុងសៀមរាប ដោយពាក់ព័ន្ធនឹងលោក ហ៊ឹម វណ្ណៈ មុខរបរជាអ្នកបើកបររថយន្តដឹកភ្ញៀវ និង បានយកសំណាកធ្វើតេស្តលទ្ធផលវិជ្ជមាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដោយលោក ហ៊ឹម វណ្ណៈ បានចូលទៅហាងកាហ្វេខាងលើកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ហើយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះដែរ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ករណីរកឃើញជំងឺកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរ អាយុ ១៧ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នេះដែរ ។

គួររំលឹកថា សម្រាប់ខេត្តសៀមរាប អ្នកមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតមកទល់ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ មានចំនួន០៩នាក់ ក្នុងនោះមាន ៖ នៅឃុំសំរោងយា ក្នុងស្រុកពួក ចំនួន០១នាក់ , នៅសង្កាត់គោកចក ក្រុងសៀមរាប ចំនួន ០២ នាក់ , នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប ចំនួន០៤នាក់ និង នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន០២នាក់ ក្នុងនោះមានម្នាក់ ដែលបម្រើការនៅហាងកាហ្វេលឹង្គ១០០០ គឺមានអាសយដ្ឋានស្នាក់នៅភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគង ៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង