Yearendyearend1140x150

សត្វស្លាបជិត១ពាន់ក្បាលបានស្លាប់នៅតំបន់បឹងស្នេហ៍ខេត្តព្រៃវែង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព​ និងអត្ថបទ៖ ក្រសួងព័ត៌មាន

ព្រៃវែង៖ សត្វស្លាបនៅតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង ដែលស្លាប់ជិត១ពាន់ក្បាល ត្រូវបានសហគមន៍ទួលពាន់តាឡី ដាក់ការសន្និដ្ឋានបឋមថា ការស្លាប់នេះបណ្តាលមកពីពុលថ្នាំបាញ់ខ្យង ដែលប្រជាពលរដ្ឋបានបាញ់ក្នុងស្រែ ដើម្បីការពារស្រូវរបស់ពួកគាត់។ នេះបើយោងតាមចេញផ្សាយរបស់ប្រភពព័ត៌មាន AKP ព្រៃវែង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានឱ្យដឹងតាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅព្រឹកថ្ងៃទី២៤ ខែមីនានេះថា គិតចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែមីនា ២០២១ ម្សិលមិញនេះ មានករណីសត្វស្លាប (ភាគច្រើនជាសត្វរនាលខ្យង) នៅតំបន់បឹងស្នេហ៍ ខេត្តព្រៃវែង បានស្លាប់ជិត១ពាន់ក្បាលហើយ ដោយឡែកចំពោះមូលហេតុនៃការស្លាប់របស់សត្វទាំងនោះ លោកប្រធានមន្ទីរ បានបញ្ជាក់ថា បើតាមប្រធានសហគមន៍ទួលពាន់តាឡី តំបន់បឹងស្នេហ៍ បានដាក់ការសន្និដ្ឋានបឋមថា សត្វស្លាបដែលបានស្លាប់នោះ គឺបណ្តាលមកពីពុលថ្នាំបាញ់ខ្យង ដែលប្រជាពលរដ្ឋបានបាញ់ក្នុងស្រែ។

បន្ទាប់ពីទទួលដំណឹងពីសហគមន៍ទួលពាន់តាឡី ប្រចាំនៅតំបន់បឹងស្នេហ៍ ក្រុមការងារនៃអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ខេត្តព្រៃវែង បានចុះទៅដល់ទីតាំង ដើម្បីប្រមូលវត្ថុសំណាក ដើម្បីបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការស្លាប់ និងបានដុតសត្វស្លាបទាំងនោះនៅនឹងកន្លែងតែម្តង។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក្រុមមន្ត្រីជំនាញអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង មន្ត្រីនៃមន្ទីរបរិស្ថានខេត្ត លោកអភិបាលស្រុកបាភ្នំ រួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក ប្រជាសហគមន៍ បានចុះប្រមូលយកសំណាកវត្ថុវិភាគបន្ថែម និងប្រមូលសត្វដែលបានស្លាប់បាន ១២៥ក្បាល ដើម្បីអនុវត្តវិធានការដុតកំទេចចោល និងបានបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងនោះបានមួយចំនួន។

ដោយឡែកផ្នែកជំនាញពេទ្យសត្វ ក៏បាននិងកំពុងវិភាគសំណាកសត្វដែលបានស្លាប់នោះ ដើម្បីរកឱ្យឃើញមូលហេតុពិតប្រាកដផងដែរ ប៉ុន្តែបើតាមការសន្និដ្ឋានជាបឋមពីផ្នែកពាក់ព័ន្ធ ក៏ដូចជាសហគមន៍ផ្ទាល់ សត្វទាំងនេះអាចនឹងស្លាប់ដោយមូលហេតុស៊ីសត្វខ្យងនេះ។ ជាមួយគ្នានេះ បើតាមការឱ្យដឹងពីប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ គឺបានឃើញសត្វស្លាបជាច្រើន បានចុះមករកចំណី នៅតាមវាលស្រែ ពិតប្រាកដមែន។

គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងករណីនេះ មានការផ្សព្វផ្សាយបំផ្លើសថា មានជនជាតិវៀតណាមចូលមកបាញ់ថ្នាំដើម្បីបំផ្លាញសត្វស្លាបទាំងនោះ ដែលនេះគឺជារឿងមិនពិតនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង